UN: ឥណ្ឌា នឹងវ៉ាដាច់ចិន ក្លាយជាប្រទេសមានប្រជាជនច្រើនបំផុតលើ ពិភពលោក ក្នុងសប្ដាហ៍នេះ

(យូអិន)៖ អង្គការសហប្រជាជាតិ បានបញ្ជាក់ឡើងវិញ នៅថ្ងៃចន្ទសប្ដាហ៍នេះថាឥណ្ឌានឹងវ៉ាដាច់ចិនក្លាយជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក នៅក្នុងសប្ដាហ៍នេះ ដោយនឹងមានប្រជាជនជាង ១.៤៣ពាន់លាននាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣។

នាយកដ្ឋានសេដ្ឋកិច្ច និងកិច្ចការសង្គមនៃអង្គការសហប្រជាជាតិធ្វើសេចក្ដីរាយការណ៍បែបនេះ បន្ទាប់ពីកាលពីសប្ដាហ៍មុន នាយកដ្ឋានមួយនេះបានអះអាងក្នុងរបាយការណ៍ ប្រចាំឆ្នាំថាឥណ្ឌានឹងមានប្រជាជនច្រើនជាងចិន នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ។ នាយកដ្ឋាននេះដដែល បានគូសបញ្ជាក់ជាថ្មីដូច្នេះថា «នៅត្រឹមដំណាច់ខែនេះ (ខែមេសា) ប្រជាជនឥណ្ឌានឹងកើនដល់ ១,៤២៥,៧៧៥,៨៥០នាក់ ដោយនឹងវ៉ាដាច់ប្រជាជនចិនដីគោក»។ ប៉ុន្តែ តួលេខរបស់ចិនមិនរាប់បញ្ចូលប្រជាជនតៃវ៉ាន់ ហុងកុង ឬម៉ាកាវនោះទេ។

គួរបញ្ជាក់ថា ការព្យាករថាឥណ្ឌានឹងមានប្រជាជនច្រើនជាងចិន ធ្វើឡើងដោយផ្អែកលើការកើនឡើងយ៉ាងឆាប់រហ័សនៃប្រជាជនឥណ្ឌា និងការធ្លាក់ចុះចំនួនប្រជាជនចិន ដែលមានចំនួន ១.៤២៦ពាន់លាននាក់កាលពីឆ្នាំ២០២២៕