រុស្ស៉ី បង្កើនការបាញ់ផ្លោងកាំភ្លើងធំ និងវាយប្រហារតាមផ្លូវអាកាសលើ ទីក្រុងបាកមូត, នេះបើតាមឧត្ដមសេនីយ៍អ៊ុយក្រែន


 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters ​នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ ងោយដឹងថា មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែនម្នាក់ បាននិយាយថាកងកម្លាងំរុស្ស៉ី បាន និងកំពុងបង្កើនការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងកាំភ្លើងធំ នៅក្នុង ទីក្រុងបាក មូត ស្ថិតនៅភាគខាងកើតនៃប្រទេស។

ការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម នៅក្នុង និងជុំវិញទីក្រុងបាកមូត (Bakhmut) បានអូសបន្លាយ ពេលជាច្រើនខែមកហើយ ដោយបណ្ដាលឱ្យភាគីទាំងសងខាងខាតបង់ ធ្ងន់ធ្ងររៀងៗខ្លួន។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃអង្គារសប្ដាហ៍នេះ ឧត្ដមសេនីយ៍អ៊ុយក្រែន លោក អូឡិចសាន់ឌឺ សៀស្គី (Oleksandr Syrskyi) បានកត់សម្គាល់ថា «បច្ចុប្បន្ន សត្រូវកំពុងបង្កើន សកម្មភាពវាយប្រហារដោយកាំភ្លើងធំ និងការវាយប្រហារតាមផ្លូវអាកាស ដោយបានប្រែក្លាយទីក្រុង (បាកមូត) ទៅជា សំណល់កម្ទេចកម្ទីបែកបាក់»។ លោកបន្តថារុស្ស៉ីនៅតែបន្តប្ដេជ្ញាចិត្តវាយដណ្ដើមទី ក្រុងបាកមូត ទោះត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ តែព្រមពេលជាមួយគ្នា ក៏បានទទួល រងការ ខាតបង់ធ្ងន់ធ្ងរនៅក្នុងសមរភូមិដើម្បីទីក្រុងមួយនេះផងដែរ។

គួរបញ្ជាក់ថា រុស្ស៉ី ក៏ធ្លាប់បានអះអាងថាអ៊ុយក្រែនបានខាត់បង់ធ្ងន់ធ្ងរនៅក្នុងសមរភូមិបាកមូតដែរ។ បាកមូតគឺជាទីក្រុងមួយស្ថិតនៅក្នុងតំបន់ដូណេត និងធ្លាប់មានប្រជាជន រស់នៅជាង ៧០,០០០ នាក់ មុនសង្រ្គាមផ្ទុះឡើង ហើយបើតាមក្រុមអ្នកជំនាញមួយចំនួន ការដណ្ដើមយកបានទីក្រុង មួយនេះអាចនឹងផ្ដល់ភាពងាយស្រួលដល់រុស្ស៉ី ក្នុង ការពន្លឿនការវាយលុកលើទីក្រុងធំចំនួន២ ផ្សេងទៀត នៃតំបន់ដូណេត នោះគឺទីក្រុងក្រាម៉ាទ័ស (Kramatorsk) និងស្លូវីយ៉ាន់ស្កិ៍ (Sloviansk)។ មកទល់នឹងពេលនេះ ក្រុមទាហានស៊ីឈ្នួល Wagner ដែលទទួលបន្ទុលវាយយក បាកមូត បានអះអាងថាក្រុមអ្នកប្រយុទ្ធរបស់ខ្លួនបានគ្រប់គ្រងទឹកដីជាង ៨០ភាគរយហើយនៃ ទីក្រុងបាមូត។

ប៉ុន្តែខាងអ៊ុយក្រែនបានច្រានចោលការអះអាងបែបនេះ ដោយថាទាហានរបស់ខ្លួននៅតែបន្ត ប្រយុទ្ធដើម្បីការពារទីក្រុងបាកមូតនៅឡើយ។ អ៊ុយក្រែនត្រូវបានគេរំពឹងថាអាច នឹងបើកប្រតិបត្តិ ការវាយបកនៅប៉ុន្មានសប្ដាហ៍ ឬខែខាងមុខនេះ ដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួនដែលរុស្ស៉ីកំពុង កាន់កាប់មកវិញ ដោយមានជំនួយអាវុធថ្មីៗពី NATO ជាពិសេសពីសហរដ្ឋអាមេរិក៕