គម្រោងផ្លូវនាវាចរណ៍ទន្លេបាសាក់ ភ្ជាប់ពីស្រុកកោះធំ ទៅកាន់ខេត្តកែប មិនមានផលប៉ះពាល់ជាអវិជ្ជ មាននោះឡើយ និងផ្តល់ផលចំណេញធំធេងសម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ

 (ភ្នំពេញ)៖ លទ្ធផលនៃការសិក្សាសមិទ្ធលទ្ធភាពអស់រយៈពេល២ឆ្នាំ បានបង្ហាញឱ្យឃើញថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ភ្ជាប់ពីស្រុកកោះធំ ខេត្តកណ្តាល ទៅ កាន់ខេត្តកែប មិនបណ្តាលឱ្យមានផលប៉ះពាល់ជាអវិជ្ជមាននោះឡើយ ទាំងផ្នែកបច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ១៩៩៥ ហើយគម្រោងនេះត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងផ្តល់ផលចំណេញសម្រាប់ធំធេង សម្រាប់ការអភិវឌ្ឍ និងរីកចម្រើនសេដ្ឋកិច្ចជាតិ ជាពិសេស ចំពោះ អត្រាចំណេញត្រឡប់មកវិញផ្នែកសេដ្ឋកិច្ច ក្នុងកម្រិតមួយខ្ពស់ជាងលើសពី អត្រាមធ្យម កំណត់ដោយស្ថាប័នជាតិ និងអន្តរជាតិ។

នេះជាការការបញ្ជាក់ឱ្យដឹងនៅក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការសិក្សា សមិទ្ធិលទ្ធភាព គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ស្តីពីវឌ្ឍនភាពនៃការសិក្សាសមិទ្ធលទ្ធភាព គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ និងដោយមានការចូលរួមពីសមាជិកគណ កម្មការអន្តរក្រសួង និងមានការចូលរួមពីក្រុមហ៊ុន CRBC ក្រុមហ៊ុន CCCC Water Transport Consutlant ដែលជាក្រុមហ៊ុនអនុវត្តការសិក្សា និងមន្ត្រីជំនាញបច្ចេកទេសរបស់អន្តរក្រសួងជា ច្រើនរូប។

នៅក្នុងកិច្ចប្រជុំនេះដែរ អង្គប្រជុំក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់យ៉ាងផុលផុស លើគ្រប់ទិដ្ឋភាព នៃការសិក្សារួមមាន បច្ចេកទេស បរិស្ថាន អេកូឡូស៊ី និងច្បាប់មេគង្គឆ្នាំ ១៩៩៥ តាមរយៈការលើក ជាសំណួរ និងសំណូមពរ សំដៅធ្វើឱ្យគម្រោងនេះមានភាពកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាពិសេស អង្គប្រជុំបានស្នើឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន អាចចាប់ផ្តើមអនុវត្តជាក់ស្តែងឱ្យ បានលឿន។

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះ ក្រុមកាងារដែលបានយកចិត្តទុកដាក់ ក្នុងការសិក្សាគម្រោងជាប្រវត្តិសាស្រ្តមួយនេះ ឱ្យបានចេញ ជារូបរាង និងគ្របដណ្តប់គ្រប់ទិដ្ឋភាពសំខាន់ៗទាំងអស់ និងបានណែនាំឱ្យក្រុមការងាររៀបចំធ្វើ បច្ចុប្បន្នភាពរបាយការណ៍សិក្សានេះ ស្របតាមសំណូមពរ និងតាមស្មារតីនៃអង្គប្រជុំ និងត្រូវរៀប ចំរបាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនេះ ដើម្បីជម្រាបជូនសម្តេចតេជោ និងរៀបចំរបាយការណ៍ នៃការសិក្សានេះ ជូនទៅអង្គប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងអនុម័តផងដែរ។

សូមជម្រាបជូនដែរថា គម្រោងប្រព័ន្ធផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបាន សិក្សាឡើងក្នុងគោលបំណងដើម្បីជំរុញវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ឱ្យមានសន្ទុះកើន ឡើង មានប្រសិទ្ធភាពខ្ពស់ថែមមួយកម្រិតទៀត និងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដើមនៃ ការដឹកជញ្ជូន និងភស្តុភារកម្មរបស់កម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់ជាងមុន ក៏ដូចជាជួយកាត់បន្ថយសម្ពាធជាអតិបរមានៃការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ព្រមទាំងងាយស្រួល ធ្វើសមាហរណកម្មផ្ទៃក្នុង ប្រទេជួយពង្រឹង និងពង្រីកការតភ្ជាប់ជាមួយតំបន់ និងអន្តរជាតិតាម រយៈការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែកាន់តែងាយស្រួល មានភាពរលូន និងមាន ប្រសិទ្ធភាពជាងមុនផងដែរ៕