(វ៉ាស៊ីនតោន)៖ តាមលោកស្រី Wendy Sherman ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌ មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ បានអោយដឹងថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត NATO ទាំងអស់ ត្រូវតែបន្តរក្សាការប្រុងប្រយ័ត្នជានិច្ច ចំពោះសញ្ញាដែលលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន អាចនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិក នៅក្នុងសង្រ្គាមអ៊ុយក្រែន។
អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី Wendy Sherman ធ្វើការព្រមានខាងលើ កំលុងការបើក សម័យប្រជុំប្រចាំឆ្នាំនៃសន្និសីទរបស់ NATO ស្ដីពីការគ្រប់គ្រង អាវុធ ដែលរៀបចំឡើងក្នុងតំបន់ អាមេរិកខាងជើងជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៤មក។ ថ្លែងនាឱកាសនោះ លោកស្រី Sherman បានគូសបញ្ជាក់ដូច្នេះថា « យើងទាំងអស់គ្នា បាននិងកំពុងតាមឃ្លាំមើល និងបារម្ភខ្លាច ក្រែងលោក វ្ល៉ាឌីមៀ ពូទីន ប្រើប្រាស់នូវអ្វីដែលលោកចាត់ទុកថាជាអាវុធនុយក្លេអ៊ែរតាក់ទិក…ហើយ នេះ គឺជារឿងមួយដ៏សំខាន់ដែលត្រូវបន្តតាមឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមីនាកន្លងទៅ លោក ពូទីន បានប្រកាសថារុស្ស៉ីនឹងដាក់ពង្រាយ អាវុធនុយក្លេអ៊ែរតាក់ទិក នៅលើទឹកដីបេឡារុស ខណៈអ្នកជំនាញ ព្រមានពីហានិភ័យខ្ពស់នៃការផ្ទុះ រាលដាលកាន់តែធំនៃសង្រ្គាមនៅអ៊ុយក្រែន៕