មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដាក់បញ្ជាឱ្យបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ តាមការគ្រោងទុក

 (សេអ៊ូល)៖  តាម KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ អោយដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដាក់បញ្ជាឱ្យ ក្រុមមន្ត្រីរបស់លោក បាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ជាលើកដំបូង តាមការគ្រោងទុក ដោយ និយាយថាការពង្រឹងសមត្ថភាពឈ្លបយកការណ៍គឺជាអាទិភាពគន្លឹះមួយ ដើម្បីទប់ស្កាត់ការគំរាម កំហែងពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។

កូរ៉េខាងជើង កាលពីខែធ្នូ ឆ្នាំ២០២២ បានដឹកនាំការធ្វើតេស្ដមួយដែលខ្លួនហៅថាជាការធ្វើតេស្ដ ដំណាក់កាលចុងក្រោយដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍ ផ្កាយរណបស៊ើបការណ៍ និង បញ្ជាក់ថាផ្កាយរណបនេះនឹងរួចរាល់អាចធ្វើតេស្ដបាញ់បាននៅខែមេសា ឆ្នាំ២០២៣នេះ។ នៅក្នុងសេចក្ដីរាយការណ៍ នៅថ្ងៃពុធនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថា កំលុងធ្វើទស្សនកិច្ចនៅឯទីភ្នាក់ងារអភិវឌ្ឍវិស័យអវកាសជាតិ កាលពីថ្ងៃអង្គារ ទី១៨ ខែមេសា លោក គីម ជុងអ៊ុន បានជំរុញឱ្យមានការធ្វើតេស្ដបាញ់បង្ហោះផ្កាយរណបតាមការគ្រោងទុក ហើយ ក៏បានបញ្ជាឱ្យដាក់ពង្រាយផ្កាយរណបស៊ើបការណ៍បន្ថែមផងដែរ ដើម្បីពង្រឹង សមត្ថភាពស៊ើប ការណ៍របស់ប្រទេស។ តែ KCNA មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នៃការបាញ់តេស្ដផ្កាយ រណបស៊ើបការណ៍នោះទេ៕