ការប្រយុទ្ធគ្នារវាងកងទ័ព និងកងកម្លាំងប៉ារ៉ានៅប្រទេសស៊ូដង់នៅតែបន្ត ខណៈចំនួនមនុស្សស្លាប់កើនលើស ១០០នាក់

(ខារតូម)៖ ការ​ផ្ទុះ​បាន​កក្រើក​រដ្ឋធានី​ Khartoum របស់​ស៊ូដង់​នៅ​ថ្ងៃ​ចន្ទ (១៧ មេសា) នេះ ខណៈ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព និង​កង​កម្លាំង​ប៉ារ៉ា ដែល​ដឹក​នាំ​ដោយ​ឧត្តម​សេនីយ៍​គូ​ប្រជែង​បាន​កើត​មាន​រយៈ​ពេល​បី​ថ្ងៃមកហើយ ​ដោយ​ចំនួន​អ្នក​ស្លាប់​កើន​លើស ១០០​នាក់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។

អំពើហឹង្សាបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍​ បន្ទាប់ពីការតស៊ូអំណាចជាច្រើនសប្តាហ៍រវាងមេទ័ពទាំងពីរ ដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១ មេទ័ពស៊ូដង់ លោក Abdel Fattah al-Burhan និងអនុប្រធានរបស់លោក គឺ លោក Mohamed Hamdan Daglo ដែលបញ្ជាកងកម្លាំងប្រដាប់អាវុធដ៏មានអំណាចហៅកាត់ RSF។

ជម្លោះដែលបានឃើញការវាយប្រហារតាមអាកាស រថក្រោះនៅតាមដងផ្លូវ និងការបាញ់កាំភ្លើងធំនៅក្នុងសង្កាត់ដែលមានមនុស្សច្រើនទាំងក្នុងទីក្រុង Khartoum និងទីក្រុងផ្សេងទៀតនៅទូទាំងប្រទេសស៊ូដង់ បានបង្កឱ្យមានការទាមទារជាអន្តរជាតិសម្រាប់បទឈប់បាញ់ជាបន្ទាន់។

ជាមួយនឹងការប្រយុទ្ធគ្នាដែលមិនបង្ហាញសញ្ញានៃការធូរស្រាល លោក Daglo បានអំពាវនាវនៅលើ Twitter ឱ្យមានអន្តរាគមន៍ជាអន្តរជាតិប្រឆាំងនឹង លោក Burhan ដោយបានហៅគាត់ថាជា «ពួកជ្រុលនិយមទម្លាក់គ្រាប់បែកលើជនស៊ីវិលពីលើអាកាស»។​​

លោកបានមានប្រសាសន៍ថា «យើងនឹងបន្តតាមប្រមាញ់ លោក Burhan ហើយនាំគាត់មកកាត់ទោស…ការប្រយុទ្ធដែលយើងកំពុងប្រយុទ្ធនៅពេលនេះគឺជាតម្លៃនៃលទ្ធិប្រជាធិបតេយ្យ»។

នៅក្នុងសេចក្តីថ្លែងការណ៍តែមួយគត់ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង លោក Burhan បានប្រាប់ ទូរទស្សន៍ Al Jazeera កាលពីថ្ងៃសៅរ៍ថា លោកភ្ញាក់ផ្អើលដែលកងកម្លាំងគាំទ្ររហ័សបានវាយប្រហារផ្ទះរបស់លោក» ហើយ​អ្វី​ដែល​កំពុង​កើត​ឡើង​ «គួរ​តែ​រារាំង​ការ​បង្កើត​កម្លាំង​ផ្សេង​ទៀត​ក្រៅ​ពី​កងយោធារបស់រដ្ឋ»។

ក្រុមគ្រូពេទ្យបាននិយាយថា ការប៉ះទង្គិចគ្នានេះបានឆក់យកជីវិតជនស៊ីវិលយ៉ាងតិច ៩៧ នាក់ និងអ្នកប្រយុទ្ធរាប់សិបនាក់មកពីភាគីទាំងពីរ ដោយបន្ថែមថាមនុស្សប្រហែល ៩៤២ នាក់បានរងរបួស។

គួរបញ្ជាក់ថា អំពើហឹង្សាបានបង្ខំប្រជាជនលាក់ខ្លួននៅក្នុងផ្ទះរបស់ពួកគេ ជាមួយនឹងការភ័យខ្លាចនៃការអូសបន្លាយជម្លោះ ដែលអាចធ្វើឱ្យប្រទេសមួនេះធ្លាក់ចូលទៅក្នុងភាពវឹកវរកាន់តែជ្រៅ ដោយធ្វើឱ្យបាត់បង់ក្តីសង្ឃឹមនៃការវិលត្រឡប់ទៅរកការគ្រប់គ្រងស៊ីវិលវិញ៕