រុស្ស៉ី ផ្តន្ទាទោសអ្នកនយោបាយប្រឆាំងម្នាក់ ដាក់ពន្ធនាគារ ២៥ឆ្នាំ ពីបទក្បត់ជាតិ

(មូស្គូ)៖ តុលាការរុស្ស៉ីនៅថ្ងៃចន្ទនេះ បានកាត់ទោសអ្នកនយោបាយប្រឆាំងម្នាក់គឺ លោក វ្ល៉ាឌីមៀ ការ៉ាមួហ្សា (Vladimir Kara-Murza) ឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំពីបទក្បត់ជាតិ និងប្រឌិតព័ត៌មាន ដែលជាសវនាការកាត់ទោសដ៏កក្រើកលើបុគ្គលប្រឆាំងនៅក្នុងប្រទេសរុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែមេសា ឆ្នាំ២០២៣។

តុលាការទីក្រុងមូស្គូបានរកឃើញថា លោក ការ៉ាមួហ្សា មានទោសពីបទក្បត់ជាតិ និងប្រឌិតព័ត៌មានអំពីកងទ័ពរុស្ស៊ី។ បន្ទាប់ពីតុលាការចេញសាលក្រមនេះ លោក ការ៉ាមួហ្សា បាននិយាយថា «ខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាថា រុស្ស៉ីនឹងមានសេរីភាព»។

លោក ការ៉ាមួហ្សា អាយុ ៤១ឆ្នាំ មានកាន់លិខិតឆ្លងដែនពីរគឺរុស្ស៉ី និងអង់គ្លេស។ លោក ការ៉ាមួសហ្សា ទទួលបានសញ្ជាតិអង់គ្លេស បន្ទាប់ពីទៅរស់ចក្រភពអង់គ្លេស ជាមួយម្តាយរបស់លោក នៅពេលមានអាយុ ១៥ឆ្នាំ។ បើតាមមេធាវី សកម្មជនប្រឆាំងរូបនេះ មានបញ្ហាប្រព័ន្ធប្រសាទដែលកើតឡើងដោយសារការប៉ុនប៉ងបំពុល កាលពីឆ្នាំ២០១៥ និងឆ្នាំ២០១៧៕