រដ្ឋលេខាធិការក្រសួងការពារជាតិ ស្នើឱ្យស្ថាប័នពាក់ព័ន្ធ បន្ដរក្សាកិច្ចសហការល្អជាមួយកម្លាំងទីបញ្ជាការជួរមុខ

(ព្រះសីហនុ)៖ នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ បានស្នើឱ្យស្ថាប័នពាក់ព័ន្ធបន្ដរក្សាកិច្ចសហការល្អជាមួយកម្លាំងទីបញ្ជាការជួរមុខ។

នាយឧត្តមសេនីយ៍ យន្ត មីន ណែនាំនេះក្នុងឱកាសសំណេះសំណាលសាកសួរសុខទុក្ខកម្លាំងប្រចាំការតាមបណ្តាស្នាក់ការសន្តិសុខ និងទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ នៅបញ្ជាការដ្ឋានទីបញ្ជាការជួរមុខ (កោះព្រាប) ក្រុងព្រះសីហនុ រសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧។

នាយឧត្តមសេនីយ៍ យន្ត មីន ថ្លែងថា ក្នុងចំណោមកត្តាអាទិភាពធំៗទាំងឡាយ គ.ជ.ស.ស. បានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួននៅក្នុងការកំណត់ជាគោលនយោបាយការរៀបចំយុទ្ធសាស្ត្រ ការកសាងឯកសារគតិយុត្តនានា ការរៀបចំផែនការសកម្មភាពការកសាងសមត្ថភាពផ្នែកច្បាប់ និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកបានផ្ដល់អនុសាសន៍ដូចតទៅ៖ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យ និងកម្មវិធីផ្សេងៗ ក្នុងទីតាំងទទួលខុសត្រូវ យកចិត្តទុកដាក់ខ្ពស់ចំពោះការរក្សាសន្តិសុខ ទប់ស្កាត់ និងបង្ក្រាបរាល់អំពើខុសច្បាប់ទាំងក្នុងសមុទ្រ និងតំបន់ជាប់មាត់សមុទ្រ រួមទាំងការរុករកនិងសង្គ្រោះ។ រក្សាកិច្ចសហការ និងទំនាក់ទំនងល្អប្រសើរជាមួយក្រសួង ស្ថាប័ន អាជ្ញាធរដែនដី និងអង្គភាពពាក់ព័ន្ធ។ គ្រប់គ្រងកម្លាំង និងមធ្យោបាយ ឧបករណ៍ សម្ភារឱ្យបានល្អសម្រាប់ឆ្លើយតបទាន់ពេលវេលាទៅនឹងឧប្បត្តិហេតុទាំងឡាយ។

ឧត្ដមនាវីទោ លី ហួត មេបញ្ជាការ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសន្ដិសុខលម្ហសមុទ្រ ថ្លែងថា ដំណើរចុះសាកសួរសុខទុក្ខរបស់ នាយឧត្តមសេនីយ៍ រួមនឹងគណៈប្រតិភូអមដំណើរនាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញពីកាយវិការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានស្វែងយល់ពីសុខទុក្ខដល់យើងខ្ញុំទាំងអស់គ្នា។ រាល់គ្រប់សកម្មភាពទាំងនេះ បានឆ្លុះបញ្ចាំងពីការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារសម្រាប់ឱ្យដំណើរការ និងការរីកចម្រើនដល់អង្គភាព ស្របតាមគោលនយោបាយ និងយុទ្ធសាស្តជាតិស្តីពីសន្តិសុខលម្ហសមុទ្រ។ កាយវិការដ៏ប្រពៃថ្លៃថ្លានេះ ធ្វើឱ្យយើងខ្ញុំចងចាំមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ ជាកម្លាំងចលករមួយសំខាន់ដែលបានជម្រុញទឹកមួយកម្រិតបន្ថែមទៀត ក្នុងការប្តេជ្ញាអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួន។

សូមបញ្ជាក់ថា ក្នុងចក្ខុវិស័យដ៏វែងឆ្ងាយនិងគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រដែលបានឈានទៅដល់ការបង្កើតគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ហៅកាត់ថា គ.ជ.ស.ស. នៅក្នុងខែធ្នូ ឆ្នាំ២០០៩ គ.ជ.ស.ស. ដែលជាយន្តការថ្នាក់ជាតិស្ថិតក្រោមការចង្អុលបង្ហាញផ្ទាល់ពីសម្តេចតេជោនាយករដ្ឋមន្រ្តី មានភារកិច្ចគ្រប់គ្រងទាំងស្រុងលើការងារសន្តិសុខនៅក្នុងលម្ហសមុទ និងតំបន់ជាប់មាត់សមុទ្រ ដែលប្រកបដោយតួនាទីស្នូលពីរគឺ ការពារអធិបតេយ្យ បូរណភាពដែនសមុទ្រ និងពង្រឹងការអនុវត្តន៍ច្បាប់នៅក្នុងលម្ហសមុទ្រ៕