(បាងកក)៖ អាជ្ញាធរក្នុងតំបន់នៅថ្ងៃចន្ទនេះបានឱ្យដឹងថា មនុស្សចំនួន ៦នាក់បានរងរបួសដោយសារការបាញ់ប្រហារ នៅក្នុងកន្លែងកម្សាន្តពេលរាត្រីមួយក្នុងទីក្រុងបាងកក ប្រទេសថៃ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃចន្ទ ទី១៧ ខែមេសា ឆ្នាំ២០២៣។
បើតាមលោកវរសេនីយ៍ឯក Sakya Saengwan មេបញ្ជាការរងការិយាល័យទី១ នៃស្នងការដ្ឋាននគរបាលរាជធានីបាងកកបានឲ្យដឹងថា កម្លាំងសមត្ថកិច្ច បានទទួលដំណឹងថា មានក្មេងជំទង់ឈ្លោះប្រកែកគ្នា និងប្រើកាំភ្លើងបណ្តាលឲ្យមានករណីរងរបួស។
លោក Sakya បាននិយាយថា ជនសង្ស័យពីរនាក់ប្រដាប់ដោយកាំភ្លើងដៃ ត្រូវបានចាប់ខ្លួននៅកន្លែងកើតហេតុកាលពីព្រឹកថ្ងៃចន្ទ។
លោកបានគូសបញ្ជាក់ថា អ្នករបួសទាំងប្រាំមួយនាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយបន្ថែមថា អ្នករបួសទាំងអស់ត្រូវបានរងរបួសដោយគ្រាប់កាំភ្លើង។
លោក Sakya បានបន្តថា ពេលនេះប៉ូលីសកំពុងស៊ើបអង្កេតអ្នកដែលពាក់ព័ន្ធ ហើយកោះហៅអ្នករៀបចំ និងម្ចាស់ក្លឹបរាត្រីមកសាកសួរ៕