(បេរូត)៖ ទីបញ្ជាការកណ្ដាលយោធាអាមេរិក ដែលទទួលបន្ទុកលើកងទ័ពអាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា ឬហៅកាត់ថា Centcom បានឱ្យដឹងថាឧទ្ធម្ភាគចក្រមួយគ្រឿង របស់ខ្លួនបានបើកការវាយឆ្មក់ផ្ដាច់ជីវិតមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុម ISIS នៅភាគខាងជើងប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។
នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ Centcom បានគូសបញ្ជាក់ដូច្នេះថា «នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ ទីបញ្ជាការកណ្ដាលយោធាអាមេរិក បានសម្លាប់ជនឈ្មោះ អាប់ឌុល ហាឌី ម៉ាសមូត អាល់ហាជី អាលី (Abd-al Hadi Mahmud al-Haji Ali) ដែលជាមេដឹកនាំជាន់ខ្ពស់ម្នាក់របស់ក្រុម ISIS»។ សេចក្ដីថ្លែងណ៍ដដែលបន្ថែមទៀតថា មេដឹកនាំ ISIS រូបនេះគឺជាអ្នកទទួលខុសត្រូវលើការរៀបចំផែនការវាយប្រហារភេរវកម្មនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអឺរ៉ុប ហើយប្រតិបត្តិការវាយឆ្មក់របស់ Centcom ធ្វើឡើងបន្ទាប់ពីមានព័ត៌មានស៊ើបការណ៍សម្ងាត់បង្ហាញថាក្រុម ISIS មានគម្រោងចាប់ជំរិតមន្ត្រីបរទេស ដើម្បីជំរិតទារអ្វីដែល ពួកគេចង់បាន។
គួរបញ្ជាក់ថា បើតាម Centcom នៅក្នុងប្រតិបត្តិការវាយឆ្មក់ខាងលើ មិនមានជនស៊ីវិល និងទាហានអាមេរិកណាម្នាក់រងរបួសនោះទេ៕