(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងស្ថាប័ន NPCI International Payments Limited (NIPL) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា។
ការចុះអនុស្សរណៈយោគយល់គ្នាលើ កិច្ចសហប្រតិបត្តិការលើការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងធនាគារជាតិនៃកម្ពុជា និងស្ថាប័ន NIPL ធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ ក្រោមការចូលរួមពីលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា និងលោក Ritesh Shukla
នាយកប្រតិបត្តិនៃស្ថាប័ន NIPL។
ការចុះអនុស្សរណៈយោគយល់នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីបង្កើតជាក្របខណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់ប្រទេសទាំងពីរ សិក្សា និងពិភាក្សាបន្ថែមលើផ្នែកបច្ចេកទេស ពាណិជ្ជកម្ម ប្រតិបត្តិការ និងផ្នែកផ្សេងៗទៀត ក្នុងការអភិវឌ្ឍការតភ្ជាប់ និងអន្តរប្រតិបត្តិការជាឌីជីថល គាំទ្រដល់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែនរវាងប្រទេសទាំងពីរ។
តាមរយៈអនុស្សរណៈយោគយល់នេះ ធនាគារជាតិនៃកម្ពុជា និងសា្ថប័ន NIPL នឹងធ្វើការរួមគ្នាដើម្បីសិក្សាពីលទ្ធភាព ក្នុងការដាក់ឱ្យដំណើរការការផ្ទេរប្រាក់ភ្លាមៗ រវាងប្រទេសកម្ពុជា និងប្រទេសឥណ្ឌា ហើយលទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះត្រូវបានជឿថា នឹងផ្តល់ជាធាតុចូលដ៏សំខាន់ សម្រាប់ការទូទាត់ និងការផ្ទេរប្រាក់ឆ្លងដែន។
ការចុះអនុស្សរណៈយោគយល់នេះ នឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន ដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ក្នុងការប្រើប្រាស់បណ្តាញផ្លូវការ សម្រាប់ធ្វើប្រតិបត្តិការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនប្រកបដោយសុវត្ថិភាព ងាយស្រួល និងតម្លៃសមរម្យ។
លើសពីនេះការតភ្ជាប់ការទូទាត់ និងផ្ទេរប្រាក់ឆ្លងដែនខាងលើត្រូវបានរំពឹងថា នឹងក្លាយជាកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលមួយ ដើម្បីគាំទ្រ ដល់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលនឹងរួមចំណែកក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ និងពាណិជ្ជកម្ម សម្រាប់ប្រទេសទាំងពីរនាពេលអនាគត៕