(ភ្នំពេញ)៖ រយៈពេល៣ខែ ដើមឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរ ជាតិបានជាង ៥.៣ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ៥.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ ពីអគ្គនាយកគយ និងរដ្ឋាករកម្ពុជា។
តាមទិន្នន័យដដែលនេះបានបង្ហាញថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ ការនាំចេញទំនិញ ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបាន ៥.៣ពាន់លានដុល្លារ ថយចុះ៥.៧% ធៀបនឹងរយៈពេលដូច គ្នាកាលពីឆ្នាំ២០២២ ដែលមានតម្លៃ ៥.៧ពាន់លានដុល្លារ។ ជាមួយគ្នានេះ កម្ពុជាបាននាំចូល ទំនិញពីទីផ្សារអន្តរជាតិ ក្នុងតម្លៃជាង ៥.៩ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះ២១.៣% ធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំ ២០២២ ដែលមានតម្លៃ ៧.៤ពាន់លានដុល្លារ។
ក្នុងរយៈពេល៣ខែដើមឆ្នាំនេះកម្ពុជាសម្រេចបានទំហំពាណិជ្ជកម្មជាមួយទីផ្សារអន្តរជាតិក្នុងតម្លៃជាង ១១ពាន់លានដុល្លារ ថយចុះ១៤.៥%។
តាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ផលិតផលសម្លៀកបំពាក់ ត្រូវបាននាំចេញ ក្នុងតម្លៃ ១.៦ពាន់លានដុល្លារ , ម៉ាស៊ីន ឧបករណ៍អគ្គិសនី និងគ្រឿងបង្គុំផ្សេងៗនាំចេញក្នុងតម្លៃ ៧៣៦លានដុល្លារអាមេរិក, ស្បែកជើងនាំចេញបាន ៣២៣លានដុល្លារ, កៅស៊ូ នាំចេញបាន ១៦៨ លានដុល្លារ រួមនឹងទំនិញផ្សេងទៀត។
ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជានាំពាក្យនៃក្រសួងពាណិជ្ជកម្មបានឱ្យដឹងកាលពីពេល ថ្មី នេះថា ការនាំចេញធ្លាក់ចុះនៅដើមឆ្នាំនេះ ដោយសារក្នុងឆ្នាំនីមួយៗ មានរដូវកាលដែលត្រូវនាំ ចេញ។ ជាក់ស្តែងកម្ពុជា ដែលជាប្រទេសនាំចេញសម្លៀកបំពាក់ ស្បែកជើង កង់ជាដើម គឺចាំបាច់ ត្រូវគោរពតាមការបញ្ជាទិញ ដែលតម្រូវឱ្យនាំចេញក្នុងខែណាមួយ។ ស្របពេលជាមួយគ្នា កសិផល នៅដើមឆ្នាំនេះ ក៏មិនទាន់ប្រមូលផលដែរ អាចនាំចេញបានច្រើននោះឡើយ៕