ឯកឧត្តម ឃួង ស្រេង ដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពប្រឡាយជើងឯក ដើម្បីកាយភក់ និងពង្រីកតួប្រឡាយឲ្យបានធំ


 (ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យមន្ត្រី និងមន្ទីរពាក់ព័ន្ធធ្វើ ការស្ដារប្រឡាយជើងឯកឲ្យបានលឿន និងឲ្យបានធំទូលាយ ដើម្បីនាំទឹកចេញពីរាជធានីបានលឿន នៅពេលរដូវវស្សាមកដល់។

ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នេះ ខណៈលោកដឹកនាំអាជ្ញាធរ និងមន្ទីរជំនាញចុះពិនិត្យមើលស្ថានភាពប្រឡាយជើងឯក ដើម្បីឲ្យ ក្រុមការងារធ្វើការកាយភក់ និងពង្រីកតួប្រឡាយឲ្យបានធំជាងមុន និងធ្វើឲ្យទឹកហូរបានលឿន។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា «ការងារដែលត្រូវអនុវត្តពាក់ព័ន្ធ និងការស្ដារប្រឡាយនេះ យើងមានពេល៤ខែ ពិសេសនៅក្នុងរដូវប្រាំងនេះ។ រដូវប្រាំង យើងងាយស្រួលក្នុងការស្ដារ ក៏ដូច ជាពង្រីកតួរ ប្រឡាយឲ្យបានធំធ្វើយ៉ាងណា ពេលរដូវវស្សាមកដល់ គឺយើងអាចរុញទឹកចេញពីរាជ ធានីភ្នំពេញបានលឿនកាត់បន្ថយបាននូវការលិចលង់លំនៅឋានប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ»។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រឡាយ ជើងឯកនេះ មានតួនាទីសំខាន់ណាស់នៅក្នុងការរំដោះទឹកចេញពីរាជធានីភ្នំពេញ ដោយហូរចាក់ មកស្ថានីយបឹងត្របែក ដែលមានប្រវែងប្រមាណ១២គីឡូម៉ែត្រ ចាប់ពីស្ថានីបឹងត្របែក ឆ្លងកាត់ ខណ្ឌមានជ័យ ខណ្ឌដង្កោ បន្តរហូតដល់ភូមិស្ទឹងជ្រៅ នៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោក សាំ ពិសិដ្ឋ បានបន្តថា តាមការណែនាំរបស់លោក ឃួង ស្រេង គឺតម្រូវឲ្យក្រុមការងារធ្វើការ ស្ដារ និងកាយប្រឡាយនេះឲ្យបានទំហំទទឹង ចាប់ពី២០ម៉ែត្រ ទៅ៦០ម៉ែត្រ ទៅតាមស្ថានភាពជាក់ ស្ដែង។ ក្រុមការងារត្រូវបន្តអនុវត្តការងារនេះជាប្រចាំ និងឲ្យរួចរាល់នៅមុនរដូវវស្សាមកដល់ មាន​ន័យថា ពេលរដូវវស្សាមកដល់ប្រឡាយនេះ ត្រូវតែដើរតួរយ៉ាងសំខាន់ ក្នុងការរំដោះទឹកចេញពីរាជ ធានីភ្នំពេញបានល្អ៕