(ហ្សាការតា)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បញ្ជាក់ថា រដ្ឋមន្ត្រីឥណ្ឌូណេស៊ីបានឱ្យដឹងថា ឥណ្ឌូណេស៊ីនឹងស្នើបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីស្តីពីសារធាតុរ៉ែសំខាន់ៗមួយចំនួនដែលបាននាំចេញទៅកាន់សហរដ្ឋអាមេរិកដើម្បីឱ្យក្រុមហ៊ុនក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាគុយរថយន្តអគ្គិសនីដែលកំពុងប្រតិបត្តិការក្នុងស្រុកអាចទទួលបានប្រយោជន៍ពីឥណទានពន្ធរបស់អាមេរិក។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានចេញសេចក្តីណែនាំថ្មីមួយសម្រាប់ឥណទានពន្ធរថយន្តអគ្គិសនី (EV) ស្ថិតក្រោមច្បាប់ស្តីពីការកាត់បន្ថយអតិផរណា (IRA) ដែលតម្រូវឱ្យគ្រឿងបង្គុំអាគុយមួយ ចំនួនត្រូវផលិត ឬដំឡើងនៅអាមេរិកខាងជើង ឬក្នុងប្រទេសជាដៃគូពាណិជ្ជកម្មសេរី។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ប្រទេសឥណ្ឌូណេស៊ីមិនមានកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីជាមួយសហរដ្ឋអាមេរិកទេប៉ុន្តែផលិតផលនីកែលរបស់ខ្លួនកាន់តែមានសារៈសំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាគុយ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះបាននិងកំពុងព្យាយាមប្រើប្រាស់កំណប់រ៉ែនីកែលរបស់ខ្លួន ដែលជា កំណប់រ៉ែច្រើនបំផុតក្នុងពិភពលោក ដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុនផលិតអាគុយ និងរថ យន្តអគ្គិសនី (EV) រួមទាំងក្រុមហ៊ុនអាមេរិកផងដែរដូចជាក្រុមហ៊ុន Tesla និងក្រុមហ៊ុន Ford ជាដើម។
នៅពេលសួរអំពីគោលការណ៍ណែនាំថ្មីរបស់ច្បាប់ IRA រដ្ឋមន្ត្រីឥណ្ឌូនេស៊ីលោក Luhut
Pandjaitan ដែលបាននិងកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញក្រុមហ៊ុន
អាមេរិកឱ្យ មកវិនិយោគក្នុងប្រទេសរបស់លោក បានប្រាប់សន្និសីទសារព័ត៌មានមួយថា
ទីក្រុងហ្សាការតា នឹងស្នើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលមានកម្រិតមួយជាមួយទីក្រុងវ៉ាស៊ីនតោន។
លោក Luhut ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ «យើងមិនមាន FTA ជាមួយពួកគេទេ។ ឥឡូវនេះ
យើងកំពុងស្នើបង្កើត FTA ដែលមានកម្រិតមួយជាមួយពួកគេ»។
លោកបានបន្ថែមថា លោកនឹងជួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Ford និងក្រុមហ៊ុន Tesla ដើម្បីពិភាក្សាអំពីបញ្ហានេះនៅពេលលោកធ្វើដំណើរទៅសហរដ្ឋអាមេរិកនៅសប្តាហ៍នេះ។
លោក Septian Hario Seto ដែលជាអនុរដ្ឋមន្ត្រីរបស់លោក Luhut បានថ្លែងថា សំណើ FTA នេះស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយទំនងជានឹងមានលក្ខណៈស្រដៀងគ្នាទៅនឹង កិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិកបានចុះហត្ថលេខាជាមួយប្រទេសជប៉ុនសម្រាប់ពាណិជ្ជកម្មរ៉ែសំខាន់ៗ៕