(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣ គឺ កូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះបានអះអាងថាខ្លួនបានធ្វើតេស្ដ «ដ្រូនវាយប្រហារ នុយក្លេអ៊ែរក្រោមទឹក» សាជាថ្មី ជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋ អាមេរិក និងកូរ៉េខាងត្បូង។
កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក៏ធ្លាប់បានអះអាងផងដែរពី ការធ្វើតេស្ដដ្រូនវាយប្រហារនុយក្លេអ៊ែរក្រោមទឹក និងការបាញ់សាកល្បង មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់។ ជាថ្មីម្ដងទៀតនៅក្នុងសេចក្ដីរាយការណ៍នៅថ្ងៃសៅរ៍នេះ KCNA បានបញ្ជាក់ ដូច្នេះថា «វិទ្យាស្ថានជាតិសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ មួយនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យប្រជា មានិតកូរ៉េ (DPRK, ឈ្មោះផ្លូវការរបស់កូរ៉េខាងជើង) បានដឹកនាំការធ្វើតេស្ដប្រព័ន្ធអាវុធយុទ្ធសាស្ត្រ ក្រោមទឹក កាលពីថ្ងៃទី៤ ដល់ ថ្ងៃទី៧ ខែមេសា»៕