នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទទួលជួបបដិសណ្ឋារកិច្ចស្វាគមន៍ ចំពោះគណៈប្រតិភូបញ្ជា ការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម


 (ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បានទទួលជួបសំណេះ សំណាលជាមួយ គណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ទទួលបន្ទុកការងារភាគខាងត្បូង។

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង បានថ្លែងអំណរគុណចំពោះបដិសណ្ឋា រកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអនុញ្ញាត ឲ្យគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេស វៀតណាម ចូលជួបសំណេះសំណាល ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេល ឆាប់ៗខាងមុខនេះ ហើយក៏ស្របពេលដែលកម្ពុជាក៏កំពុងមមាញឹក ត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងខែឧសភា និងមិថុនាផងដែរ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសម្តែងនូវការអរគុណចំពោះទឹកចិត្ត និង កាយវិការប្រកបដោយមិត្តភាពជិតស្និទ្ធរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលស្តែងឡើងតាមរយៈការអញ្ជើញមកសាក សួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូចពេលនេះ។

ទន្ទឹមនឹងនេះ នាយឧត្តមសេនីយ៍ ក៏បានវាយតម្លៃខ្ពស់ និងគាំទ្រចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិ ការរវាងអង្គភាពទាំងពីរលើការងារជាច្រើន រួមមានជាអាទិ៍៖ ការបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ, ការងារខណ្ឌសីមា និងការបោះបង្គោលព្រំដែន ព្រមទាំងការសហការបង្កលក្ខណៈងាយស្រួលដល់ប្រជាជន និងប្រជាជន អាចធ្វើសកម្មភាព ផ្លាស់ប្តូរសេដ្ឋកិច្ចជាមួយគ្នាទៅវិញទៅមកនៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។

ជាពិសេស ក្នុងរយៈកាលចុងក្រោយនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរ ក៏បានឈានឡើងដល់កម្រិតមួយទៀត គឺការសម្រេចបាននូវការចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី កាលពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ដោយ សព្វថ្ងៃ អនុស្សារណៈនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់កិច្ច សហប្រតិបត្តិការលើការងារគ្រប់គ្រង និងការពារព្រំដែននៃប្រទេសទាំងពីរ សំដៅធានារក្សាបាន នូវតំបន់ព្រំដែនប្រកបដោយសុខសន្តិភាព មិត្តភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍៕