(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្វាគមន៍ដល់ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាដៃគូដែលធ្វើការពាក់ព័ន្ធនឹងការអភិវឌ្ឍជំនាញ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ឥណ្ឌា ទាំងអស់ ចូលរួមសហការកសាងធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា សម្រាប់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលនឹងគាំទ្រដល់ការវិនិយោគ។
នេះជាមួយការលើកឡើងរបស់លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុងកម្មពិធីប្រគល់ពានរង្វាន់ The Pinnacle Award 2023 នាឱកាសខួបលើកទី៧០នៃ ទំនាក់ទំនងការទូតរវាងឥណ្ឌា និងកម្ពុជា និងដើម្បីអបអរសាទរខួបលើកទី៧៥ នៃការទទួលបាន ឯករាជ្យភាពរបស់ប្រទេសឥណ្ឌា និងការលើកកម្ពស់ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាង ឥណ្ឌានិងកម្ពុជា នាល្ងាចថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ នៅសណ្ឋាគារ Sun & Moon។
ឯកឧត្តម រដ្ឋមន្ត្រីបានឱ្យដឹងថា កម្ពុជាទទួលស្គាល់ថាប្រទេសឥណ្ឌាជាប្រទេសឈានមុខគេក្នុង វិស័យបច្ចេកវិទ្យាព័ត៌មាន និងការអភិវឌ្ឍជំនាញ ហើយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈក៏សូមស្វាគមន៍ដល់ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន ក៏ដូចជាដៃគូដែលធ្វើការពាក់ព័ន្ធនឹងការ អភិវឌ្ឍជំនាញនិងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ឥណ្ឌាទាំងអស់ចូលរួមសហការកសាងធនធានមនុស្សផ្នែកជំនាញវិជ្ជាជីវៈដល់យុវជនកម្ពុជា សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារដែលនឹង គាំទ្រដល់ការវិនិយោគ។
ឯកឧត្តម បានថ្លែងអំណរគុណពោះស្ថានកុងស៊ុលកិត្តិយសឥណ្ឌា និងសភាពាណិជ្ជកម្មឥណ្ឌា (INCHAM) ដែលបានសហការរៀបចំកម្មវិធីដ៏មានសារៈសំខាន់នេះ ដោយកំណត់យកប្រធានបទ «ឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនឥណ្ឌា នៅក្នុងវិស័យបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងឧស្សា ហកម្ម៤.០ ដើម្បីធ្វើការពិភាក្សាចែករំលែកបទពិសោធន៍ល្អ សំដៅធ្វើឱ្យប្រសើរឡើងនូវបរិយា កាសធុរកិច្ច វិនិយោគ ភាពប្រកួតប្រជែង ការទទួលខុសត្រូវសង្គម និងដើម្បីបង្កភាពទាក់ទាញ វិនិយោគទុនពីបរទេសបន្ថែមទៀតមកកម្ពុជា ជាពិសេសមកពីឥណ្ឌា។
ឯកឧត្តម បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលមានគោលការណ៍គ្រឹះក្នុងការរក្សាឱ្យបាននូវសុខសន្តិភាព កម្ពុជាអាចធានាបាននូវស្ថិរភាព សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ ធានានូវទំនុកចិត្តដល់អ្នកវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស កាន់តែជឿទុកចិត្តយ៉ាងមុតមាំក្នុងការបណ្តាក់ទុនវិនិយោគ និងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនថេរ ព្រមទាំងបានបង្កើត និងបង្កើនឱកាសការងារជាច្រើនជូនប្រជាពលរដ្ឋ។
ឯកឧត្តម អ៉ិត សំហេង បានវាយការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេស ឥណ្ឌា និងប្រទេសកម្ពុជា ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាលើគ្រប់វិស័យ ជាពិសេសកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលកន្លងមកភាគីឥណ្ឌា បានផ្តល់អាហារូបករណ៍រាប់រយកន្លែងសម្រាប់សិក្ខាកាមរបស់កម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រីសង្ឃឹមថា តាមរយៈវេទិកាកម្មវិធីនាថ្ងៃនេះនឹងបង្កើននូវភាពជឿទុកចិត្តដល់បណ្តា ក្រុមហ៊ុនឥណ្ឌា បង្កើនការវិនិយោគ និងទាក់ទាញអ្នកវិនិយោគទុនថ្មីៗថែមទៀតជាក់ជាមិនខាន៕