(តេហេរ៉ង់)៖ តាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា ក្រសួងការបរទេសបារាំងបាននិយាយនៅថ្ងៃសុក្រនេះថា រដ្ឋមន្ត្រីការ បរទេសបារាំងបានរៀបចំកិច្ចប្រជុំទល់មុខដ៏កម្រមួយ ជាមួយសមភាគីអ៊ីរ៉ង់នៅក្នុងប្រទេសចិន ដោយជំរុញឱ្យទីក្រុងតេហេរ៉ង់ដោះលែងជនជាតិបារាំង «ឃុំខ្លួនដោយបំពាន» នៅក្នុងប្រទេសអ៊ីរ៉ង់។
លោកស្រី Catherine Colonna ដែលកំពុងធ្វើដំណើរអមជាមួយប្រធានាធិបតី លោក Emmanuel Macron ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន បានជួបប្រជុំជាមួយ លោក Hossein Amir Abdollahian ក្នុងទីក្រុងប៉េកាំង។
លោក Amir-Abdollohian បានដឹកនាំគណៈប្រតិភូអ៊ីរ៉ង់នៅទីក្រុងប៉េកាំង សម្រាប់កិច្ចចរចាដំ ណោះស្រាយដាច់ដោយឡែករវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត។ ចិនបានសម្រុះសម្រួលការផ្សះផ្សាគ្នាកាលពីខែមុន ក្នុងសញ្ញានៃការកើនឡើងនៃឥទ្ធិពលរបស់ក្រុងប៉េកាំងនៅមជ្ឈិមបូព៌ា។
សេចក្តីថ្លែងការណ៍របស់បារាំងបាននិយាយថា «លោកស្រី Colonna បានបន្តការទាមទារជាបន្ទាន់ របស់ខ្លួន សម្រាប់ការដោះលែងជាបន្ទាន់នូវជនជាតិបារាំងទាំងប្រាំមួយនាក់ ដែលត្រូវបានឃុំខ្លួន ដោយប្រទេសអ៊ីរ៉ង់តាមអំពើចិត្ត»។
អ្នកទាំងប្រាំមួយនាក់នោះ ស្ថិតក្នុងចំណោមជនបរទេសប្រមាណរាប់សិបនាក់ ដែលសកម្មជន និងរដ្ឋាភិបាលលោកខាងលិច និយាយថា កំពុងត្រូវបានចាប់ខ្លួនដោយប្រទេសអ៊ីរ៉ង់ ដើម្បីទទួល បានសម្បទាន។
ក្រសួងការបរទេសអ៊ីរ៉ង់បានបញ្ជាក់ពីកិច្ចប្រជុំនេះ ដោយបន្ថែមថា «បញ្ហាកុងស៊ុលមួយចំនួន ក៏ត្រូវបានលើកឡើងក្នុងអំឡុងពេលកិច្ចប្រជុំផងដែរ»។ ប៉ុន្តែមិនបានបញ្ជាក់បន្ថែមអ្វីនោះទេ៕