រុស្ស៉ីគំរាមលុបចោលកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិជាមួយអ៊ុយក្រែន ប្រសិនបើឧបសគ្គការនាំ ចេញរបស់ខ្លួននៅតែបន្តមាន


 (អង់ការ៉ា)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៧ ខែមេសា ឆ្នាំ២០២៣ គឺ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានគំរាមបោះបង់កិច្ចព្រម ព្រៀងគ្រាប់ធញ្ញជាតិជាប្រវត្តិសាស្ត្រជាមួយអ៊ុយក្រែន ប្រសិនបើឧបសគ្គសម្រាប់ការនាំចេញរបស់ ទីក្រុងមូស្គូនៅតែបន្តមាន។

កិច្ចព្រមព្រៀងដែលបានចរចាកាលពីខែកក្កដា រវាងតួកគី និងអង្គការសហប្រជាជាតិ អនុញ្ញាតឱ្យ អ៊ុយ​ក្រែន ដែលជាប្រទេសផលិតគ្រាប់ធញ្ញជាតិធំជាងគេមួយរបស់ពិភពលោក អាចនាំចេញគ្រាប់​ធញ្ញជាតិតាមរយៈការឆ្លងកាត់ប្រកបដោយសុវត្ថិភាពនៅក្នុងសមុទ្រខ្មៅ។

លោក Lavrov បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីអង់ការ៉ា ជាមួយសមភាគីតួកគី លោក Mevlut Cavusoglu​ ថា «ប្រសិនបើមិនមានការរីកចំរើនបន្ថែមទៀត ក្នុងការដកចេញនូវឧបសគ្គ ចំពោះការនាំចេញជី និងធញ្ញជាតិរបស់រុស្ស៊ីទេ យើងនឹងពិចារណាថាតើកិច្ចព្រមព្រៀងនេះចាំបាច់ ឬអត់»

រហូត​មក​ដល់​ពេល​នេះ កិច្ច​ព្រម​ព្រៀង​បាន​អនុញ្ញាត​ឱ្យ​មាន​ការ​នាំ​ចេញ​គ្រាប់​ធញ្ញជាតិ និង​កសិផល​ជាង ២៧លាន​តោន។ វាត្រូវបានបន្តពីរដងមកហើយ។ នៅពេលដែលវាត្រូវបានពន្យារពេលក្នុងខែមីនា រុស្ស៊ីបាននិយាយថា វានឹងមានសុពលភាពរយៈ ពេល ៦០ថ្ងៃ ជំនួសឱ្យ ១២០ថ្ងៃនៅក្នុងកិច្ចព្រមព្រៀងដើម។

សូមបញ្ជាក់ថា ទីក្រុងម៉ូស្គូបានត្អូញត្អែរថា បើទោះបីជាតាមរយៈកិច្ចព្រមព្រៀងនាំចេញនេះ មិន​មានការដាក់ទណ្ឌកម្មលើការនាំចេញអាហារ និងជីរបស់រុស្ស៊ីទៅកាន់ទីផ្សារពិភពលោកក៏ដោយ ប៉ុន្តែបញ្ហាគឺទាក់ទងទៅនឹងការទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូន និងធានារ៉ាប់រង ក៏ដូចជាធនាគារ ជាដើមនៅតែជាបញ្ហាចោទ សម្រាប់ការនាំចេញរបស់ខ្លួន៕