ចិន ប្រកាសធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ក្រោយជំនួបរវាងលោកស្រី សៃ និងលោក ម៉ាកខាធី


 (ប៉េកាំង)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែមេសា ឆ្នាំ២០២៣ បានអោយដឹងថា ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានឱ្យដឹង ថាទីក្រុងប៉េកាំង នឹងដឹកនាំការធ្វើសមយុទ្ធយោធារយៈពេល៣ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ ដោយ ចាប់ ផ្ដើមពីថ្ងៃសៅរ៍នេះតទៅ បន្ទាប់ពីមេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន ធ្វើមាតុភូមិនិវត្តពីសហរដ្ឋ អាមេរិក។

នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយរបស់ខ្លួន ទីបញ្ជាការភូមិភាគខាងកើតនៃកងទ័ពរំដោះប្រជាជនចិន បានបញ្ជាក់ទៀតថាចិននឹងធ្វើសមយុទ្ធល្បាតត្រៀមលក្ខណៈប្រយុទ្ធ និងសមយុទ្ធនៅក្នុងតំបន់ច្រក សមុទ្រតៃវ៉ាន់ រហូតដល់ភាគខាងជើង ភាគខាងត្បូង និងភាគខាងកើត កោះតៃវ៉ាន់តាមផែនការ គ្រោងទុក។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតបន្ថែម លើសពីនេះនោះទេ។

នៅថ្ងៃសៅរ៍នេះដែរ ខាងក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថាខ្លួនប្រទះឃើញនាវាចម្បាំង ៣គ្រឿង និងយន្ដហោះចម្បាំង ១៣គ្រឿងរបស់ចិន នៅជុំវិញដែនកោះតៃវ៉ាន់ ហើយ ក្នុងនោះ​យន្ដហោះចម្បាំង ៤គ្រឿងក្នុងចំណោមយន្ដហោះចម្បាំងចិន បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាល នៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបានហោះចូលក្នុងដែនកំណត់ អត្តសញ្ញាណការពារដែន អាកាសនៅភាគអាគ្នេយ៍នៃកោះតៃវ៉ាន់៕