សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនប្រជាពលរដ្ឋ ជួបការលំបាកចំនួន ១៦៩គ្រួសារ នៅខេត្តប៉ៃលិន

 (ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទ ក្រហមកម្ពុជា​ និងមើលឃើញពីសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ​ នៅថ្ងៃទី​៦-៧​ ខែមេសា​ ឆ្នាំ​២០២៣នេះ​ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា​ បាន អញ្ជើញចុះសួរសុខទុក្ខ​ ពិនិត្យពីស្ថានភាពរស់នៅ​ និងនាំយកប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់ កាកបាទក្រហមកម្ពុជា​ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ​ និងគ្រួសារយោធិនជួបការលំបាកចំនួន​ ១៦៩គ្រួសារ​ រស់នៅក្រុងប៉ៃលិន​ និងស្រុកសាលាក្រៅ​ នៃខេត្តប៉ៃលិន ដែលក្នុងគ្រួសារនីមួយៗ ទទួលបានថវិកាចំនួន ១លានរៀល សម្រាប់យកទៅពង្រីកមុខរបរកសិកម្ម លក់ដូរ និងចិញ្ចឹមសត្វ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីជីវភាពរស់ នៅរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសលើកទឹកចិត្តឱ្យបងប្អូនបន្តខិតខំពង្រីកមុខរបរ ដើម្បីលើក​ស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។

លោកជំទាវបានលើកឡើងថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់​គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ​ ពិសេសក្នុងស្ថានភាពដ៏លំបាក ដោយសារផលប៉ះ​ពាល់ដោយជំងឺរាតត្បាតកូវីដ-១៩​ វិបត្តិនៃសង្គ្រាមរុស្សី-អ៊ុយក្រែន​ ក៏ដូចជាផលប៉ះពាល់ដោយសារ ការប្រែប្រួលអាកាសធាតុ។ ហេតុដូចនេះហើយក្នុងការគិតគូររបស់កាកបាទក្រហមកម្ពុជា​ ក្រៅពី ការចែកអំណោយជាស្បៀងអាហារ-សម្ភារៈ​ នោះគឺ​ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់​ ដើម្បី បងប្អូនប្រជាពលរដ្ឋអាចពង្រីកមុខរបររបស់ខ្លួន​ ធ្វើឱ្យជីវភាពគ្រួសារមានការរីកចម្រើន»។

ជាមួយគ្នានេះ​ លោកជំទាវបានគូសបញ្ជាក់ថា​ ថវិកាដែលផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ​ គឺបានមកពី សប្បុរសជន​ ជាពិសេសក្នុងឱកាសនៃទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា។ ដូច្នេះ​ គោលការណ៍នៃការស្នើសុំប្រាក់កម្ចីនេះ​ តម្រូវឱ្យបងប្អូនបង្វិលសងវិញ​ ដើម្បីកាក បាទក្រហមកម្ពុជា​ អាចយកថវិកាដែលបង្វិលបាននេះ​ ទៅជួយដល់បងប្អូនប្រជាពលរដ្ឋផ្សេងទៀត​ ដែលនេះជាស្មារតីវប្បធម៌នៃការចែករំលែក​ ក្នុងនាមខ្មែរជួយខ្មែរ​ ខ្មែរកាន់តែរីកចម្រើន។

ថ្លែងក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការរងទី១ ក៏បានផ្តាំផ្ញើជូនដល់ប្រជាពលរដ្ឋ ទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ត្រូវរស់នៅមាន អនាម័យ ពិសាទឹកឆ្អិន ជាពិសេសត្រូវឧស្សាហ៍ក្នុងការដាំដំណាំបន្លែគ្រួសារ ដើម្បីលើកកម្ពស់ សុវត្ថិភាពអាហារ និងជីវភាពគ្រួសារ​ ដូចពាក្យចាស់ពោលថា​ «រពឹសដៃ​ ផ្ទៃឆ្អែត»។ ទន្ទឹមនឹងនេះ ត្រូវមានស្មារតីប្រុងប្រយ័ត្នរាល់ពេលធ្វើដំណើរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ធម្មជាតិ ឬក៏ជំងឺផ្សេងៗដែលបង្កឡើងដោយការប្រែប្រួលអាកាស ធាតុផងដែរ។

ជាការឆ្លើយតប​ ប្រជាពលរដ្ឋ​ទាំងអស់​បានសម្តែងនូវក្តីសប្បាយរីករាយ​ និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះមាតាមនុស្សធម៌​ គឺ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ដែលតែងតែគិត​គូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ​ និងដឹងគុណចំពោះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ ដែលបានយកជីវិតធ្វើជាដើមទុន​ នាំមកនូវសុខសន្តិភាពពេញលេញ​ជូនប្រទេសជាតិ៕