កម្ពុជាសង្ឃឹមថានឹងមានវត្តមានសត្វខ្លាធំឡើងវិញ ក្រោយបាត់វត្តមាន ១៦ឆ្នាំ ខណៈអ្នកជំនាញ កម្ពុជា-ឥណ្ឌា កំពុងធ្វើការរួមគ្នាលើកិច្ចការងារនេះ

 (ពោធិ៍សាត់)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការ អន្ទាក់សូន្យ បានឱ្យដឹងថា ក្រសួងបរិស្ថាន អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ថា WA បានកំពុងធ្វើ ការជាមួយរដ្ឋាភិបាលឥណ្ឌា ដើម្បីនាំយកសត្វខ្លាធំឱ្យមានវត្តមាននៅក្នុងព្រៃធម្មជាតិកម្ពុជាវិញ ក្រោយបាត់វត្តមាននៅកម្ពុជា ១៦ឆ្នាំមកហើយ។

ការលើកឡើងបែបនេះរបស់ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើឡើងក្នុងសន្និសីទសារពត៌មានស្តីពី យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្ត ពោធិ៍សាត់។

អ្នកនាំពាក្យរូបនេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្រសួងបរិស្ថាន ជាមួយអង្គការ WA និងប្រទេស ឥណ្ឌា បានកំពុងតែធ្វើការរួមគ្នា ដើ​ម្បីរៀបចំនូវបទដ្ឋានបច្ចេកទេសនាំយកប្រភេទសត្វខ្លាំធំ ពីប្រទេស ឥណ្ឌា ដើម្បីបង្កើនចំនួនសត្វកម្រ នៅប្រទេសកម្ពុជាយើង។ ទិសដៅទីមួយ គឺតម្រង់ទៅតំបន់ជួរភ្នំ ក្រវាញ»

ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅកម្ពុជាធ្លាប់មានខ្លាធំ ដែលវត្តមានរបស់ វាត្រូវបានគេឃើញ មានចុងក្រោយបំផុតនៅឆ្នាំ២០០៧ ដែលថតបាននៅក្នុងដែនជម្រកសត្វព្រៃ នៃខេត្តមណ្ឌលគិរី បើគិតត្រឹមឆ្នាំ២០២៣ មានរយៈពេល១៦ឆ្នាំមកហើយ ដែលគេមិនឃើញវត្ត មានសត្វខ្លាធំទៀតទេ ដែលអាចសន្និដ្ឋានបានថាកម្ពុជា បានបាត់ពូជប្រភេទសត្វខ្លាធំនេះហើយ។ សត្វខ្លាធំនៅកម្ពុជា ដែលបានបាត់បង់ទៅនោះអាចបណ្តាលមកពីការដាក់អន្ទាក់។

ជុំវិញគម្រោងស្តារវត្តមានខ្លាំធំឱ្យមានវត្តមាននៅក្នុងព្រៃធម្មជាតិកម្ពុជាវិញ, ត្រូវឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានគាំទ្របច្ចេកទេស ដោយសហការជាមួយរដ្ឋាភិបាល ប្រទេសឥណ្ឌា ដើម្បីយកប្រភេទសត្វខ្លាធំមកកាន់ប្រទេសកម្ពុជា។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «យើងរំពឹងថា នីតិវិធីនឹងសម្រេចនាពេលខាងមុខ…! ហើយមមន្ត្រីជំនាញនៃក្រសួងបរិស្ថាន តំណាងអង្គការ WA ក៏បានធ្វើដំណើរទៅប្រទេសឥណ្ឌា ធ្វើការសិក្សា ហើយដំណើរការនៃកិច្ចការងារនឹងមានការវិវត្តន៍ ជំហាន ហើយសង្ឃឹមថាប្រទេសកម្ពុជា របស់យើងនឹងលទ្ធភាពការស្តារប្រភេទសត្វខ្លាធំនេះ នៅក្នុងព្រៃធម្មជាតិ របស់យើងឡើងវិញ»

នាឱកាសនោះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថានសង្ឃឹម ជឿជាក់ថា គម្រោង នេះនឹងទទួលបានជោគជ័យ ក្រោយមានកិច្ចព្រមព្រៀង ជាមួយរដ្ឋាភិបាលឥណ្ឌា ក្នុងការអនុវត្ត គម្រោងនេះ។ នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត ធ្លាប់បានឱ្យដឹងថា នាពេលកន្លងទៅថា សត្វខ្លាធំដែលនឹងត្រូវនាំមកពីប្រទេសឥណ្ឌានឹងត្រូវលែង ក្នុងតំបន់ជួរភ្នំក្រវាញ ជាតំបន់ដែលសូន្យអន្ទាក់ និងត្រូវបានបំពាក់កាមេរ៉ាតាមដានយ៉ាងយកចិត្តទុក ដាក់ពីសំណាក់មន្ត្រីអភិរក្ស។

កញ្ញាបណ្ឌិត បានបញ្ជាក់ថា ការនាំសត្វខ្លាធំមកម្ពុជា អាចនឹងដំណើរការបាននៅក្នុងរយៈពេល៩ ឬ១០ ខែទៀត ព្រោះតំបន់ស្នូលនៃគម្រោងស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញនេះ ត្រូវបានរៀបចំ រួចរាល់ហើយ ដោយរង់ចាំតែធ្វើរបាយការណ៍បញ្ជូនទៅប្រទេសឥណ្ឌាប៉ុណ្ណោះ។ គម្រោងស្តារសត្វខ្លាធំ ជាគម្រោងរួមគ្នា រវាងអង្គការ WA និងក្រសួងបរិស្ថាន ដែលនឹងផ្តល់ការគាំទ្រ ការល្បាតដល់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេសដូចជាការបំពាក់វិទ្យុទាក់ទងលើ «ក» សត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយរណប។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅ កម្ពុជា និងឥណ្ឌា បានចុះអនុស្សា រណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃ ដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅប្រទេសកម្ពុជា។

ពិធីចុះហត្ថលេខានៃការយោគយល់គ្នានេះ ធ្វើឡើងរវាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងក្រសួងបរិស្ថានព្រៃឈើ និងប្រែប្រួលអាកាសធាតុឥណ្ឌា តំណាងដោយេឯកអគ្គរដ្ឋ ទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងលោក Jagdeep Dhankha អនុប្រធានាធិបតីឥណ្ឌា Jagdeep Dhankha នៅរាជធានីភ្នំពេញ៕