សម្តេចតេជោ ហ៊ុន សែន គាំទ្រ និងជំរុញឱ្យ មូលនិធិ Sasakawa ផ្នែកមួយនៃមូលនិធីនីផុន របស់ជប៉ុន បន្តជួយដល់កម្ពុជាថែមទៀត

 (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងការគាំទ្រ និងជំរុញឱ្យ មូលនិធិ Sasakawa ដែលជាផ្នែកមួយនៃមូលនិធីនីផុនរបស់ជប៉ុន បន្តសកម្មភាពជួយដល់ប្រទេស កម្ពុជាថែមទៀត។

ការគាំទ្ររបស់សម្តេចតេជោ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ ក្នុងឱកាស ដែលសម្តេចអនុញ្ញាតឱ្យ លោក យូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិនីផុន (The Nippon foundation) ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព។

លោក យូហេ សាសាកាវ៉ា បានជម្រាបជូនសម្តេចតេជោ នូវសកម្មភាពរបស់មូនិធិ Sasakawa នៅកម្ពុជា ដែលជាផ្នែកមួយនៃមូលនិធិនីផុន ដែលបច្ចុប្បន្នមូលនិធិនេះ កំពុងតែមានសកម្មភាព លើវិស័យ៤ រួមមាន៖ បង្កើតសាលាផលិតអវៈយុវៈសម្បនិមិត្ត តាមបច្ចេកទេស, ជួយសិស្សានុ សិស្សតាមជនបទ តាមរយៈការបង្រៀនភាសាអង់គ្លេស និងផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ, ចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ និង សកម្មភាពមូលនិធិនីផុន ជួយដល់ស្ត្រី និងកុមារ ខាងផ្នែកមនុស្សធម៌​នៅប្រទេសមីយ៉ាន់ម៉ាជាដើម។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការរីករាយ ចំពោះការរីកចម្រើនរបស់ សកម្មភាពមូនិធិ Sasakawa ដែលមិនត្រឹមជួយដល់ប្រជាជនកម្ពុជាទេ ប៉ុន្តែក៏បានជួយដល់ប្រជា ជនប្រទេសដទៃទៀតផង ក្នុងការផលិតអវៈយុវៈសិប្បនិមិត្ត។

សម្តេចក៏បានថ្លែងអំណរគុណចំពោះ លោក Yohei Sasakawa ដែលបានជួយដល់កម្ពុជាលើ វិស័យអប់រំ វិស័យសុខាភិបាល ប្រយុទ្ធប្រឆាំងជំងឺឃ្លង់ ដែលមិនត្រឹមជួយដល់កម្ពុជាទេ តែជួយ ដល់ស្រ្តី និងកុមា មីយ៉ាន់ម៉ាថែមទៀត នាពេលកន្លងមក។ សម្តេចក៏បានស្នើសុំឱ្យមូលនិធិនេះ បន្តសកម្មភាពជួយដល់កម្ពុជាថែមទៀត៕