(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា ណាចក្រម៉ារ៉ុក ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា និងសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែល ទទួលបាន។
ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក Nasser BOURITA រដ្ឋមន្រ្តីការ បរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រម៉ារ៉ុក និងលោក Sameh SHOUKRY រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប។
នៅប្រទេសម៉ារ៉ុក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយលោក Nasser BOURITA ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ារ៉ុក លើវិស័យ ផ្សេងៗ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរួម។ បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំង ពីរនឹងអញ្ជើញ ធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រួមមានកិច្ចព្រមព្រៀងស្តីពីសេវា ដឹកជញ្ជូនតាម ផ្លូវអាកាស ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍ ធុរកិច្ច និងពាណិជ្ជកម្ម រវាងប្រទេស ទាំងពីរ។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសអេហ្ស៊ីប ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួប ពិភាក្សាការងារជាមួយលោក Sameh SHOUKRY ដើម្បីពិនិត្យឡើងវិញលើកិច្ចសហប្រ តិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីការវិវត្តនៃស្ថានភាពក្នុងតំបន់ និងអន្តរជាតិ សំខាន់ៗ។ នៅប្រទេសអេហ្ស៊ីប ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្ស រណៈយោគ យល់គ្នាមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការសិក្សាការទូត និងកិច្ច ការកុងស៊ុល។
គោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកឧបនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសម៉ារ៉ុក និងអេហ្ស៊ី បនាពេលខាងមុខនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណង និងកិច្ចសហប្រតិបត្តិការ ជាប្រពៃណីដែលមានស្រាប់ រវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងពីរនៅទ្វីបអាហ្រ្វិក៕