(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានណែនាំបន្ថែមដល់ អាជ្ញាធរខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តឱ្យបានម៉ត់ចត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិ ភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ឱ្យកាន់តែម៉ឹងម៉ាត។
ការណែនាំបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះក្នុងឱកាសលោកបានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលពិធីនេះ ប្រារព្ធធ្វើឡើងនៅសាលាខេត្តបន្ទាយមានជ័យ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានរាយការណ៍ពីលទ្ធផលនៃការគ្រប់គ្រងដឹកនាំ កិច្ចការរដ្ឋបាល និងការអភិវឌ្ឍលើគ្រប់វិស័យ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការ ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យនាឆ្នាំ២០២២ កន្លងមក ។ ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា ស្នាដៃ និងលទ្ធផលរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបាននោះ គឺពិតជារួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ ហើយរដ្ឋបាលខេត្តបន្ទាយមានជ័យ ក៏បានខិតខំថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៃសុវត្ថិភាពសង្គម ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសេរីពហុ បក្ស។ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានបន្ដថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជាគ្រប់គ្រងបាន និងឆ្លើយតបដោយប្រសិទ្ធិភាព និងទាន់ពេលវេលានូវជំងឺ ឆ្លងរាតត្បាតជាសកលកូវីដ១៩ ព្រមជាមួយការដាក់ចេញនូវវិធានការនានា ដើម្បីស្តារផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ១៩ គ្រោះជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកលធ្វើឱ្យសេដ្ឋកិច្ចជាតិ ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើនប្រមាណ ៥.២ភាគរយ ក្នុងឆ្នាំ២០២២ កន្លង ទៅនេះ។
ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្ដែងនូវការកោតសរ សើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ រស់នៅខេត្តបន្ទាយ មានជ័យ ដែលបានសហការចូលរួមថែរក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ហើយធានា បាននូវសុវត្ថិភាពយ៉ាងល្អប្រសើរ ហើយក៏ទទួលបានការកោតសរសើរដល់សមត្ថកិច្ចគ្រប់ថ្នាក់ដែល បានចូលរួមថែរក្សាបាននូវសុខសន្ដិភាព សណ្តាប់ធ្នាប់បានល្អប្រសើរ។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានខាងលើនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានកត់ សម្គាល់នូវបញ្ហាប្រឈម ដែលនៅសេសសលរួមទាំងកិច្ចការងារសំខាន់ៗជាច្រើនទៀតមាន៖ ការអនុវត្តឱ្យបានម៉ត់ចត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ល។
បន្ថែមពីនេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានគូសបញ្ជាក់ថា ត្រូវខិតខំបន្ដពុះពារអនុវត្តឱ្យ បានល្អ នៅក្នុងឆ្នាំ២០២៣នេះ ជាពិសេសធានាឱ្យបាននូវការបោះឆ្នោតជ្រើសរើសតាំងតំណាង រាស្ដ្រ និតិកាលទី០៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យ ប្រព្រឹត្តិទៅប្រកបដោយលក្ខណៈ សេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជោគជ័យ និងត្រូវបន្តរួមគ្នាសាង អំពើល្អ និងបន្តរួមគ្នាដោះស្រាយនូវសេវាសាធារណៈឱ្យបានទាន់ពេលវេលា រហ័ស និងមានប្រសិទ្ធិ ភាពជូនប្រជាពលរដ្ឋ កៀគរវិនិយោគទុន ការពារធនធានធម្មជាតិ ការពារសន្តិសុខ និងការអភិវឌ្ឍ តំបន់ព្រំដែន ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ និងបង្កើនការរក្សាសន្តិសុខសណ្តាប់ធ្នាប់ តាមតំបន់ព្រំដែន៕