ឯកឧត្តម ហោ សារុន លើកឡើងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡា ក្រៅពីចែករំលែកមោទនភាពកម្ពុជា ក្នុងនាមម្ចាស់ផ្ទះ ក៏ជាការពង្រឹងចំណងមិត្តភាពកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់

 (ភ្នំពេញ)៖ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស តំណាង គណៈកម្មាធិការជាតិ CAMSOC-CAMAGOC បានគូសបញ្ជាក់ថា «ពិធីដង្ហែព្រះអគ្គីជ័យ កីឡា នៅវៀតណាម និងបណ្តាប្រទេសនានាក្នុងតំបន់អាស៊ាន មិនត្រឹមតែជាការចែករំលែកមោទ នភាព កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះប៉ុណ្ណោះទេ តែថែមទាំងចូលរួមពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងប្រ ទេសទាំងអស់នៅក្នុងតំបន់អាស៊ានផងដែរ»។ការលើកឡើងនេះ ស្របពេលពិធីដង្ហែព្រះអគ្គិជ័យ កីឡា និងភ្លើងគប់ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា បានចាប់ ផ្ដើមពិធីដង្ហែលើកដំបូង ក្នុងចំណោមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ និងទីម័រខាងកើត ដោយផ្ដើមចេញ ពីទីក្រុងហាណូយ ប្រទេសវៀតណាម ក្រោមកិច្ចសហការរៀបចំ រវាងលោកជំទាវ ជា គឹមថា ឯក អគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម និងអាជ្ញាធរវៀតណាម នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០២៣នេះ។

បេសកជនពិសេស CAMSOC ដដែលបន្ដថា «ក្នុងនាមជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាក៏បានចាត់ទុកឆ្នាំ២០២៣ គឺជាឆ្នាំប្រកបដោយអត្ថន័យ ដ៏សំខាន់ និងជាឆ្នាំដ៏ល្អសម្រាប់ទេសចរមកទស្សនាកម្ពុជា ដោយកម្ពុជាក៏បានដាក់ចេញយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជាឆ្នាំ២០២៣”…។ ប្រទេសកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ បានត្រៀមខ្លួនជាស្រេច រង់ចាំស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីជុំវិញពិភពលោក។ ការទទួលភាពកក់ក្ដៅក្នុងអំឡុងពេលទស្សនាកម្ពុជា គឺជាបទពិសោធន៍ថ្មី ជាពិសេសក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម»

សូមជម្រាបថា ពិធីដង្ហែព្រះអគ្គីជ័យកីឡា និងភ្លើងគប់ នៅបណ្ដាប្រទេសក្នុងតំបន់អាស៊ាននេះ កើតឡើយក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីប្រោសព្រះរាជទានព្រះ អគ្គិជ័យកីឡា នៅប្រាសាទអង្គរវត្ត ដែលប្រព្រឹត្តទៅ ក្រោមរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។ ចំពោះការដង្ហែតាមបណ្ដាប្រទេសសមាជិកទាំង ១០ បានធ្វើឡើង ចាប់ពីថ្ងៃទី២២ ខែមីនា រហូត ដល់ថ្ងៃទី២៧ ខែមេសា មុនត្រឡប់ចូលកម្ពុជាវិញ។

ក្រោយបញ្ចប់ពិធីដង្ហែព្រះអគ្គីអាទិទេពកីឡា នៅបណ្ដាប្រទេសតំបន់អាស៊ាន គឺជាពេលវេលារៀបចំ ពិធីដង្ហែព្រះអគ្គិកីឡា តាមបណ្ដាខេត្តជាប់បឹងទន្លេសាបវិញម្ដង ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តកំពង់ឆ្នាំង ពោធិ៍សាច់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ចាប់ ពីថ្ងៃទី២៩ ខែមេសា រហូតដល់ល្ងាចថ្ងៃទី០៥ ខែឧសភា ខ្ទង់វេលាម៉ោង ៨៖៣០នាទីយប់ ពោល គឺចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ជាផ្លូវការ តែម្ដង។ ជាមួយពិធីដង្ហែព្រះអគ្គិជ័យកីឡាដ៏មានអត្ថន័យខាងលើ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិ ការគណៈកម្មាធិការជាតិ CAMSOC បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសិស្ស-និស្សិត ទាំងក្នុង ស្រុក និងក្រៅស្រុក ពិសេសអ្នករត់នៅតាមបណ្ដាប្រទេសត្រូវព្រះអគ្គីអាទិទេពកីឡាឆ្លងកាត់ សូម ចូលរួមអបអរសាទរឲ្យបានច្រើនកុះករ ដើម្បីជាចំណែកមួយ ក្នុងការអបអរសាទរដំណើរឆ្ពោះទៅ ព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ក្រោយការរង់ចាំអស់រយៈពេល ៦៤ឆ្នាំ គឺការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម បានគូសបញ្ជាក់ថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្ត រូបតំណាងឲ្យការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជាការបង្ហាញ ពីភាពរឹងមាំ មោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ក្រោមដំបូង សន្ដិភាព។ លើសពីនេះ ព្រះអគ្គីជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹង សាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនាតាមរយៈការប្រកួតកីឡា ដែលជា ប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង “សហគមន៍សន្ដិភាព និងវាសនាតែមួយ”៕