(កៀវ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែ មីនា ឆ្នាំ២០២៣ បានបញ្ជាក់អោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះបានជំរុញឲ្យអឺរ៉ុបបង្កើនការផ្តល់ និងពន្លឿនការផ្គត់ផ្គង់អាវុធទំនើប ហើយដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹលើរុស្ស៉ី បើមិនដូច្នោះទេសង្រ្គាមអាចអូសបន្លាយរាប់ឆ្នាំ។
ក្នុងសុន្ទរកថាជាវីដេអូរយៈពេលវែងផ្ញើរទៅកាន់មេដឹកនាំសហភាពអឺរ៉ុប លោក ហ្សេលេនស្គី និយាយថា វាអាស្រ័យទៅលើប្លុក២៧ប្រទេសក្នុងការចាត់វិធានការទប់ស្កាត់រុស្ស៉ីលើការឈ្លានពានអ៊ុយក្រែនរយៈពេលជាង១ឆ្នាំមកនេះ។ សហភាពអឺរ៉ុបបានពន្យារពេលជាយូមកហើយក្នុងការសម្រេចចិត្តលើការផ្តល់អាវុធរយៈចម្ងាយឆ្ងាយ យន្តហោះចម្បាំងស៊េរីទំនើបនិងការឆ្ពោះទៅមុខជាមួយនិងកិច្ចពិភាក្សាស្តីពីការផ្តល់សមាជិកភាពអ៊ុយក្រែន នៅក្នុងសហភាពអឺរ៉ុប។
លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «ប្រសិនបើអឺរ៉ុបនៅតែរង់ចាំពេលទៀត នោះការប្រមូលផ្តុំ ឡើងវិញ និងរៀបចំសម្រាប់សង្រ្គាមជាច្រើនឆ្នាំ នឹងកាន់តែអាក្រក់។ ដូចនេះ វាស្ថិតនៅលើអំណាច របស់អ្នកក្នុងការទប់ស្កាត់បញ្ហានេះ»។
គួរបញ្ជាក់ថាទោះបីជាមានការជំរុញម្តងហើយម្តងទៀតពីសំណាក់ក្រុមមន្ត្រីអ៊ុយក្រែនឲ្យប្រទេសដៃគូបង្កើនការផ្គត់ផ្គង់សព្វាវុធក្តី តែការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី នាពេលនេះហាក់បង្ហាញ ពីការខកចិត្តដោយបើកចំហមិនធ្លាប់មានពីមុនមក៕