៣សប្ដាហ៍ មានរថយន្ដបើកបញ្ច្រាសលើផ្លូវល្បឿនលឿន ចំនួន៣១ករណី ត្រូវសមត្ថកិច្ចផាកពិន័យ និងដកពិន្ទុប័ណ្ណបើកបរ


(ភ្នំពេញ)៖ ក្នុងរយៈពេល៣សប្ដាហ៍ ខែមីនា ឆ្នាំ២០២៣នេះ មានករណីរថយន្ដបើកបរបញ្ច្រាសទិស ចរាចរណ៍លើផ្លូវល្បឿនលឿន ចំនួន៣១ករណី ត្រូវបានមន្ដ្រីនគរបាលចរាចរណ៍ផាកពិន័យ ដក​ពិន្ទុប័ណ្ណបើកបរ និងធ្វើកិច្ចសន្យាអប់រំ។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ និងជាប្រធានក្រុមការងារនគរបាលចរាចរណ៍ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានប្រាប់ ឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះថា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែមីនា នគរបាលចរាចរណ៍លើផ្លូវល្បឿនលឿន ត្រួតពិនិត្យរថយន្ដសរុបចំនួន៥៦គ្រឿង ក្នុងនោះផាកពិន័យ ៣៨គ្រឿង និងអប់រំ១៨ករណី។

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ ហាវ៉ារី បានបន្ដទៀតថា ករណីដែលសមត្ថកិច្ចផាកពិន័យច្រើនជាងគេ គឺការបើកបរបញ្ច្រាសទិសដៅចរាចរណ៍តែម្ដង មានចំនួន៣១គ្រឿងត្រូវបានផាកពិន័យ និងដក ពិន្ទុ។ តាមការសាកសួររបស់សមត្ថកិច្ច មូលហេតុដែលនាំឲ្យពួកគាត់បើកបញ្ច្រាសទិសនេះ គឺដោយសារមិនស្គាល់ភូមិសាស្ដ្រផ្លូវ ហើយខ្លះទៀតបើកហួសផ្លូវបត់។

ចំពោះការធ្វើចរាចរណ៍លើផ្លូវល្បឿនលឿននេះ លោកបានអះអាងថា ក្រុមការងារនគរបាលចរាច រណ៍ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ តែងធ្វើការត្រួតពិនិត្យជាប់ជាប្រចាំតាមរយៈការមេរ៉ា សុវត្ថិភាព ដែលបំពាក់នៅតាមដងផ្លូវ ដើម្បីស្វែងរកបទល្មើសផ្សេងៗដែលកើតមានឡើង សំដៅ មានវិធានការបង្ការ និងបង្ក្រាបបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅតែបន្ដអំពាវនាវដល់ប្រជាពល រដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនទាំងអស់ កុំបើកបរថយ ក្រោយ ឬបញ្ច្រាសទិសដៅចរាចរណ៍ ព្រោះសកម្មភាពនេះងាយបង្កគ្រោះថ្នាក់ដល់អ្នកដទៃ និងខ្លួន ឯងផ្ទាល់។

បន្ថែមពីនេះ លោកប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ ក៏អំពាវនាវដល់អ្នកបើកបរទាំងអស់ ពិសេសអ្នកដែលត្រូវប្រើប្រាស់ផ្លូវល្បឿនលឿន មុនបើករថយន្ដឡើងលើផ្លូវនេះ ត្រូវពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ដឲ្យបានត្រឹមត្រូវ ក្នុងទាំងកម្រិតទឹក ប្រេងម៉ាស៉ីន ប្រព័ន្ធហ្វ្រាំង ប្រព័ន្ធភ្លើង សម្ពាធខ្យល់កង់ សំបកកង់ និងប្រេងសាំងជាដើម។

ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍រូបនេះ បានបន្ដទៀតថា បន្ទាប់ពីច្បាស់លាស់លើលក្ខណៈ បច្ចេកទេសយានយន្ដហើយនោះ អ្នកបើកបរត្រូវប្រើប្រាស់ផ្លូវល្បឿនលឿនដោយគោរពច្បាប់ចរាច រណ៍ ពិសេសការប្រើប្រាស់លឿន តាមអ្វីដែលបានកំណត់លឿនបំផុត១២០គីឡូម៉ែត្រក្នុងមួយម៉ោង (សម្រាប់រថយន្ដគ្រួសារ) និងការកំណត់ល្បឿនផ្សេងទៀតសម្រាប់រថយន្ដដឹកទំនិញ។

លើសពីនេះ ត្រូវប្រើស្គាល់ឲ្យច្បាស់ពីការប្រើប្រាស់គន្លងផ្លូវ ដោយហាមប្រើប្រាស់ឈប់បន្ទាន់ និងគន្លងវ៉ាជែង (ក្នុងករណីបើកធម្មតា) ព្រមទាំងគោរពតាមស្លាកសញ្ញាចរាចរណ៍ ដោយហាម ការបើកបរបញ្ច្រាសទិសជាដើម៕