គណៈកម្មការមួយនៃសភាតួកគី អនុម័តលើពាក្យសុំចូល NATO របស់ហ្វាំងឡង់

(អង់ការ៉ា)៖  តាមប្រព័ន្ធផ្សព្វផ្សាយតួកគី ដកស្រង់ចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា គណៈកម្មការកិច្ចការបរទេសនៃសភាជាតិ តួកគី បានអនុម័តហើយលើពាក្យស្នើសុំចូលជាសមាជិក NATO របស់ហ្វាំងឡង់ ដែលនេះជាការ ត្រួសត្រាយផ្លូវមួយជំហានទៀតឆ្ពោះទៅរកសមាជិកភាពពេញលេញនៅក្នុងបក្សសម្ព័ន្ធយោធាធំជាងគេបំផុតមួយនេះ នៅលើពិភពលោក។

ក៏ប៉ុន្តែ សមាជិកភាព NATO របស់ហ្វាំងឡង់ នៅត្រូវរង់ចាំឆ្លងកាត់ការអនុម័តផ្ដល់សច្ចាប័ន ពីមហា សន្និបាតសភាតួកគីទាំងមូលជាបន្តទៀត។ ការអនុម័តនេះត្រូវបានគេរំពឹងថា អាចនឹងធ្វើឡើងនៅ មុនសភាតួកគី ត្រូវបិទទ្វារនៅពាក់កណ្ដាលខែមេសា និងនៅមុនការបោះឆ្នោតសភា និងប្រធានា ធិបតីតួកគីនៅថ្ងៃទី១៤ ខែឧសភាខាងមុខ។

គួរបញ្ជាក់ថា ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ បានប្រាប់ប្រធានាធិបតីហ្វាំងឡង់ដែលបំពេញ ទស្សនកិច្ចនៅតួកគី កាលពីសប្ដាហ៍មុនថាសភាតួកគីនឹងផ្ដល់សច្ចាប័នលើ ពាក្យសុំចូល NATO របស់ហ្វាំងឡង់។ ប៉ុន្តែបានបដិសេធចំពោះស៊ុយអែត។ ហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យ សុំចូល NATO រួមគ្នា នៅបន្ទាប់ពីរុស្ស៉ីចូលឈ្លានពាន អ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយដើម្បីអាចចូលជាសមាជិកបាន ប្រទេសទាំង២ត្រូវការការយល់ព្រមពីប្រទេសជាសមាជិក NATO ទាំង៣០ប្រទេស៕