តៃវ៉ាន់កោះហៅឯកអគ្គរដ្ឋទូតខ្លួនត្រឡប់មកផ្ទះវិញ ក្រោយហុងឌូរ៉ាសចាត់រដ្ឋមន្រ្តីការបរទេស ឱ្យមកបំពេញទស្សនកិច្ចនៅចិន

(តៃប៉ិ)៖  ​តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ គឺ រដ្ឋាភិបាលទីក្រុងតៃប៉ិបានឱ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ តៃវ៉ាន់បានសម្រេចកោះ ហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំនៅហុងឌូរ៉ាស ឱ្យត្រឡប់មកវិញ ជុំវិញដំណឹងនៃដំណើរទស្សន កិច្ចរបស់ប្រមុខការទូត នៃប្រទេសអាមេរិកកណ្តាលមួយនេះ មកកាន់ប្រទេសចិន។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសតៃវ៉ាន់ បានលើកឡើងយ៉ាងដូច្នេះថា «ហុងឌូរ៉ាសបាន ធ្វើព្រងើយ ចំពោះចំណងមិត្តភាពដែល​មានរយៈពេលជាង៨០ឆ្នាំ រវាងតៃវ៉ាន់និងហុងឌូរ៉ាស នៅ ពេលពួកគេបានសម្រេចបញ្ជូនរដ្ឋមន្រ្តីការបរទេស ឱ្យធ្វើដំណើរមកកាន់ប្រទេសចិន ខណៈទង្វើ បែបនេះបានបង្កការខូចខាតជាទម្ងន់ ចំពោះទឹកចិត្តនៃរដ្ឋាភិបាលក៏ដូចជាប្រជាជនយើង។ ដូច្នេះហើយ យើងក៏បានសម្រេចកោះហៅ ​ឯកអគ្គរដ្ឋទូតយើងប្រចាំនៅហុងឌូរ៉ាស ឱ្យត្រឡប់មកវិញ ជាបន្ទាន់ ដើម្បីបង្ហាញពីការមិនពេញចិត្តជាខ្លាំងរបស់យើង»

ក្រសួងការបរទេសតៃវ៉ាន់បានចេញសេចក្តីថ្លែងការណ៍ដូចខាងលើ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតេហ្គូ ស៉ីហ្កាល់ប៉ា បានឱ្យដឹងថា រដ្ឋមន្រ្តីការបរទេស​របស់ខ្លួន កំពុងធ្វើដំណើរឆ្ពោះមកកាន់ប្រទេសចិន ដើម្បីបើកកិច្ចពិភាក្សាស្តីពីការបង្កើតទំនាក់ទំនងការទូតជាមួយទីក្រុងប៉េកាំង។ កាលពីសប្តាហ៍មុន ប្រធានាធិបតីហុងឌូរ៉ាស លោកស្រី ស៉ីអូម៉ារ៉ា កាស្រ្តូ (Xiomara Castro) បានចេញបញ្ជាឱ្យប្រមុខ ការទូតហុងឌូរ៉ាស រៀបចំចាត់ចែងផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយចិន ដែលវាមានន័យថា នឹងត្រូវកាត់ផ្តាច់ចំណងទាក់ទងបច្ចុប្បន្នជាមួយតៃវ៉ាន់។

សូមបញ្ជាក់ថា នៅក្រោមគោលការណ៍ចិនតែមួយរបស់ទីក្រុងប៉េកាំង ពុំមានប្រទេសណាមួយ អាចរក្សាទំនាក់ទំនងការទូតជាមួយចិនផង និង​តៃវ៉ាន់ផងនោះឡើយ ដ្បិតចិនចាត់ទុកដែនកោះនេះ ជាផ្នែកនៃទឹកដីរបស់ខ្លួន ដែលមិនមានសិទ្ធិបង្កើតទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋនោះទេ។ ប្រសិនបើហុងឌូរ៉ាសផ្លាស់ប្តូរទំនាក់ទំនងការទូត ពីតៃវ៉ាន់ទៅរកចិនមែននោះ វានឹងធ្វើឱ្យសម្ព័ន្ធ មិត្តការទូតរបស់ទីក្រុងតៃប៉ិ ថយចុះនៅសល់ត្រឹមតែចំនួន១៣ប៉ុណ្ណោះ៕