កងទ័ពអាកាសឥណ្ឌា ថារុស្ស៉ី មិនអាចផ្គត់ផ្គង់អាវុធតាមការសន្យា ដោយសារសង្រ្គាមអ៊ុយក្រែន

 (ញូវដេលី)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៤ ខែមីនា ឆ្នាំ២០២៣ បានបញ្ជាក់ថា កងទ័ពអាកាសឥណ្ឌា ឬហៅកាត់ថា IAF បាននិយាយថារុស្ស៉ីមិនមាន លទ្ធភាពផ្គត់ផ្គង់អាវុធ និងបរិក្ខារយោធាសម្រាប់យោធាឥណ្ឌា តាមការសន្យានោះទេ ដោយសារ តែសង្រ្គាមនៅអ៊ុយក្រែន។

ទីក្រុងញូវដេលី ធ្លាប់បានបង្ហាញក្ដីកង្វល់ថាសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន ដែលបានផ្ទុះឡើងកាល ពីខែកុម្ភៈ ឆ្នាំ២០២២មក អាចនឹងបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់អាវុធ ដល់យោធាឥណ្ឌា ហើយ សេចក្ដីថ្លែងការណ៍របស់ IAF គឺជាការទទួលស្គាល់ជាលើកដំបូងចំពោះការខកខានរបស់រុស្ស៉ី ដែលជាអ្នកផ្គត់ផ្គង់អាវុធធំបំផុតរបស់ឥណ្ឌា។ IAF នៅក្នុងសេចក្ដីថ្លែងការណ៍ដែលត្រូវបានចេញ ផ្សាយកាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះ បានគូសបញ្ជាក់ប្រាប់គណៈកម្មាធិការមួយនៃសភាឥណ្ឌា ថាផែនការប្រគល់អាវុធដ៏ធំ របស់រុស្ស៉ី នៅក្នុងឆ្នាំនេះ នឹងមិនអាចធ្វើឡើងតាមការគ្រោងទុកឡើយ។

ក៏ប៉ុន្តែ អ្នកនាំពាក្យស្ថានទូតរុស្ស៉ីប្រចាំទីក្រុងញូវដេលី បាននិយាយថាខាងស្ថានទូតមិនបានទទួល ព័ត៌មានពីសេចក្ដីថ្លែងការណ៍ IAF នោះទេ ខណៈក្រុមហ៊ុន Rosoboronexport ជាអ្នកនាំចេញ អាវុធឱ្យរដ្ឋាភិបាលរុស្ស៉ី ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ។

គួរបញ្ជាក់ថា មិនទាន់មានការបញ្ជាក់ពីប្រភេទអាវុធ ឬបរិក្ខារយោធាដែលត្រូវរុស្ស៉ីត្រូវផ្គត់ផ្គង់ឱ្យ ឥណ្ឌានោះទេ។ ក៏ប៉ុន្តែ ការប្រគល់អាវុធធំបំផុតដែលកំពុងធ្វើឡើង នោះគឺ ប្រព័ន្ធមីស៊ីលការពារ ដែនអាកាស S-400 ដែលឥណ្ឌាទិញពីរុស្ស៉ី កាលពីឆ្នាំ២០១៨ ក្នុងតម្លៃជាង ៥.៤ពាន់លាន ដុល្លារ។ ប្រព័ន្ធអាវុធចំនួន៣នៃប្រព័ន្ធមីស៊ីលនេះត្រូវបាន ប្រគល់ឱ្យឥណ្ឌារួចរាល់ហើយ ហើយ ប្រព័ន្ធអាវុធ ២ទៀតកំពុងស្ថិតក្រោមការរង់ចាំ៕