(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែង បញ្ជាក់ថា ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) និងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីក្រុង សិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត គ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ឱ្យបាន មុនយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣។
នេះបើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ នាឱកាសដែលលោកបានអនុញ្ញាតឱ្យលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ចូលជួបសម្តែងការ គួរសម និងជម្រាបលា ខណៈដែលលោកស្រីនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាចុងខែ មីនានេះ។ ក្នុងជំនួបនាឱកាសនេះក៏មានការចូលរួមផងដែរពីសំណាក់លោក Sanui Kazumasa ដែលត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា បន្តពីលោកស្រី Kamei Haruko និងសហការី ព្រមទាំងវត្តមានរបស់ថ្នាក់ ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។
ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បានបង្ហាញក្តីសង្ឃឹមថា JICA នឹងបន្តសកម្មភាពក្នុង នាមជាដៃគូអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅប៉ូលសេដ្ឋកិច្ចទាំង៤ ដើម្បីជំរុញឱ្យ ដំណើរការនៃប៉ូលសេដ្ឋកិច្ចទាំងអស់មានភាពរីកចម្រើន និងមាននិរន្តរភាពផងដែរ លើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន និងផ្សារភ្ជាប់ទៅប្រទេសជិតខាងនៅក្នុងតំបន់ផងដែរ។
លើកឡើងនាឱកាសនោះដែរលោកស្រី Kamei Haruko បានថ្លែងអំណរគុណចំពោះលោកទេស រដ្ឋមន្រ្ដី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានជួបសំដែងការគួរសម និងជម្រាបលានា ពេលនេះ ហើយលោកស្រីបានសម្ដែងនូវចំណាប់អារម្មណ៍ខ្ពស់ដល់ក្រសួងសាធារណការ និងដឹក ជញ្ជូន សម្រាប់ដំណើរការអនុវត្តគម្រោងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និង ភស្តុភារកម្មនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានរបស់ JICA ដែលមានដូចជា គម្រោងធ្វើឱ្យ ប្រសើរឡើងវិញផ្លូវជាតិលេខ៥ គម្រោងសិក្សាចំណតផែកុងតឺន័រទឹកជ្រៅ នៅកំពង់ផែខេត្តព្រះ សីហនុ និងគម្រោងសិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ជាដើម។
លោកស្រី ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋា ភិបាលកម្ពុជាគឺជាដៃគូមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន៕