ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រ​ជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់

 (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត​វិទ្យាស្ថាន​វ៉ាន់ដា សរុបជិត៥ពាន់ នាក់។ ពិធីនេះប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកបណ្ឌិត ហេង វ៉ាន់ដា នាយកវិទ្យាស្ថានវ៉ាន់ដា បានឱ្យដឹងថា និស្សិតជ័យលាភីដែលទទួល សញ្ញាបត្រនេះ រួមមានថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ សរុប ៤,៧០៥នាក់ នារី ៤,២២១នាក់ ដែលបានបញ្ចប់ការសិក្សា ក្នុងឆ្នាំសិក្សា​២០២១​-២០២២ នៅទីតាំងគោលក្នុងរាជធានីភ្នំពេញ និងសាខាខេត្តសៀមរាប។ ក្នុងនោះ ក៏មាន​និស្សិត​បរិញ្ញាបត្រផ្នែកអាហារូបករណ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥០នាក់ នារី ៤២នាក់ផងដែរ។

លោកបណ្ឌិត ហេង វ៉ាន់ដា បានអះអាងថា និស្សិតដែលទទួលសញ្ញាបត្រនេះ អ្នកមាន​ការ​ងារធ្វើ ចំនួន ៤,៤២៥នាក់ ស្មើនឹង ៩៤.០៥ភាគរយ។

វិទ្យាស្ថាន វ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ននេះ មានទីតាំងចំនួន ៣ កន្លែង កំពុងដំណើរការ។ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង ២កន្លែងទៀតនៅ ខេត្តសៀ មរាប និងខេត្តបាត់ដំបង។

បើតាម ឯកឧត្តម ហេង វ៉ាន់ដា បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ វិទ្យាស្ថាន វ៉ាន់ដា មាននិស្សិតកំពុងសិក្សា ចំនួន ១០,៨៧៦នាក់ នារី ៩,៨៣៥ នាក់។ បើគិតចាប់ពី​ឆ្នាំ​សិក្សា២០០២-២០០៣ ដល់ឆ្នាំសិក្សា២០២១-២០២២ កន្លងមកនេះ និស្សិតបាន​បញ្ចប់​ការសិក្សា គិតទាំងនិស្សិត ជ័យលាភីនេះផង សរុបចំនួន ៤៦,៨៨៦នាក់ នារី ៣៩,២៩៧នាក់។

ឯកឧត្តម ហេង វ៉ាន់ដា បានឱ្យដឹងផងដែរថា ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និង ការផ្តល់​សេវាអប់រំ ប្រកបដោយគុណភាព វិទ្យាស្ថានវ៉ាន់ដា បានអនុវត្ត និងមានចក្ខុវិស័យ​ច្បាស់​លាស់ ក្នុងការបន្តពង្រឹង គុណភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យ របស់និស្សិត ក្នុងគោលបំណងអនុវត្តឱ្យបានល្អប្រសើរ ស្របតាមកម្រិត​បទដ្ឋាន​នៃការបណ្តុះ បណ្តាល និងទីផ្សារការងារបច្ចុប្បន្ន។

ក្រៅពីនេះ ជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថានក៏បានរៀបចំ ពង្រីក ទីតាំងបន្ថែមទៀត ពិសេស អគារសិក្សា បណ្ណាល័យ អ៊ិនធើណែត ដោយបំពាក់​សម្ភារ​ឧបទេស សិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់ទំនងឲ្យបានល្អ ជាមួយវិស័យអប់រំ និង ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជា ក្រសួងអប់រំ យុវជន និង​កីឡា, គណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថាន​ឧត្តម​សិក្សា​​កម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និង ស្ថាប័នពាក់ព័ន្ធ, សមាគមគណនេយ្យករ ចក្រភព​អង់គ្លេស, សាកលវិទ្យាល័យមួយចំនួនក្នុង ប្រទេសថៃ និងប្រទេសចិនជាដើម។

ឯកឧត្តម ហេង វ៉ាន់ដា ចាត់ទុកសមិទ្ធផលដែលវិទ្យាស្ថានទទួលបាននេះ បានមកពីការដឹកនាំ​ប្រទេសជាតិ ប្រកបដោយបញ្ញាញាណឈ្លាសវៃ គតិបណ្ឌិត និង គុណធម៌ដ៏ខ្ពង់​ខ្ពស់បំ​ផុត​របស់ សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តម ហេង វ៉ាន់ដា ព្រមទាំងក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និង និស្សិតទាំងអស់ នៃវិទ្យាស្ថានវ៉ាន់ដា សម្តែងនូវគារវកិច្ចគោរពគាំទ្រ និង ដឹងគុណដ៏ស្មោះស្ម័គ្រ បំផុតចំពោះសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែគិតគូរយកចិត្តទុក ដាក់គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ចំពោះសុខទុក្ខរបស់ប្រជាជនកម្ពុជា ក្នុងទូទាំងប្រទេស។ ក្រៅពីនេះ កត្តាជា​ប្រវត្តិសាស្រ្តដ៏ថ្លៃថ្លាអស្ចារ្យមិនអាចកាត់ថ្លៃបាន ដែលប្រជាជន កម្ពុជាគោរពថ្លែង នូវការកោតសរសើរ និងដឹងគុណជាអនេកប្បការនោះ គឺការបញ្ចប់សង្រ្គាមស៊ីវិល នៅកម្ពុជា តាម រយៈនយោបាយឈ្នះ-ឈ្នះ ដ៏មានប្រសិទ្ធភាពបំផុតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធាន គណបក្សប្រជាជនកម្ពុជា និងបានធ្វើឱ្យប្រទេសកម្ពុជា មានកិត្យានុភាពល្បីល្បាញយ៉ាងរន្ទឺ នៅលើ ឆាកអន្តរជាតិ។ ម្លប់នៃសន្តិភាពនេះ បានផ្តល់ឱកាសគ្រប់គ្រាន់ឱ្យប្រជាជនរស់នៅក្នុងកិត្តិយស សេចក្តីថ្លៃថ្នូរ សុភមង្គល តាមរយៈការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ៕