ក្រសួងសាធារណការ និងក្រុមជំនាញ JICA បើកសិក្ខាសាលាពីគម្រោងធ្វើឲ្យប្រសើរឡើង នូវ សុវត្តិភាពចរាចរណ៍ផ្លូវគោក លើផ្លូវសំខាន់ៗនៅកម្ពុជា


 (បាត់ដំបង)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមជំនាញ JICA ជប៉ុន ធ្វើសិក្ខាសាលាពី គម្រោងធ្វើឲ្យប្រសើរឡើងនូវសុវត្តិភាពចរាចរណ៍ផ្លូវគោក លើផ្លូវសំខាន់ៗក្នុងប្រទេសកម្ពុជា នាថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារក្លាស៊ីក្រុងបាត់ដំបង ក្រោមវត្តមានលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សុវត្តិភាពចរាចរណ៍ផ្លូវគោក តំណាងទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន

សិក្ខាសាលានេះ ក៏មានការចូលរួមពី ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត ជាអនុប្រធាន អចិន្រ្តៃយ៍គណៈកម្មាធិការសុវត្តិភាពចរាចរណ៍ខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ ដំបង, លោក Ohno Manadu អនុប្រធានគម្រោងក្រុមជំនាញ JICA,ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ទីរជំនាញសាធារណការក្រសួង និងទាំង៤ខេត្ត មានខេត្តបាត់ដំបង, បន្ទាយមានជ័យ, ពោធិ៍សាត់, កំពង់ឆ្នាំង, មន្រ្តីនគរបាលចរាចរណ៍ សណ្តាប់ធ្នាប់ខេត្ត និងមកនាយកដ្ឋានពីក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធមួយចំនួនចូលរួមផងដែរ។

លោក Ohno Manadu អនុប្រធានគម្រោង ក្រុមជំនាញJICA ឡើងមានចំណាប់ស្តីពីការសាង់ផ្លូវ ថ្នល់នៅកម្ពុជាកន្លងមកពិសេសនៅផ្លូវជាតិលេខ៥ក្រុមជំនាញ នឹងបន្តធ្វើកិច្ចការនេះ ឲ្យបានរួច ឆាប់ៗនាពេលខាងមុខនេះ។

ឯកឧត្តម សឿម ប៊ុនរិទ្ធ ក្នុងនាមរដ្ឋបាលខេត្ត និងក្នុងនាមលោកផ្ទាល់ទទួលបន្ទុកជាអនុប្រធាន អចិន្រ្តៃយ៍គណៈកម្មាធិការសុវត្តិភាពចរាចរណ៍ខេត្តជាតំណាងឯកឧត្តម សុខ លូ អភិបាលខេត្ត បាត់ដំបង តែងតែបានសហការសម្របសម្រួលដល់ក្រសួង និងអ្នកជំនាញធ្វើផ្លូវថ្នល់របស់ JICA បានល្អប្រសើរ។

ក្រោយពីធ្វើផ្លូវរួចហើយ លោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ដូចជាការត្រូវបើកបរសូមគោរពទៅតាមគំនូសបង្ហាញដែលបានកំណត់រួចហើយ នៅលើផ្លូវថ្នល់ ដែលក្រសួងបានពង្រីកធ្វើគន្លងផ្លូវ១ទៅ ១មក ប្រែទៅជា២គំនូស ២ទៅ២មក កើតជាផ្លូវមាន៤គន្លង ធំជាងមុន ហើយបើកបរតាមសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវ ទើបអាចបញ្ជៀសការគ្រោះថ្នាក់ចរារចរណ៍បាន។

ក្នុងឱកាសសិក្ខាសាលានេះ លោកជំទាវ មឹន មាណវី សូមថ្លែងអំណរគុណដល់ប្រជាននៃប្រទេស ជប៉ុន តាមរយ:ទីភ្ងាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA តែងតែបានជួយដល់ប្រទេសកម្ពុជា ស្វែករកថវិកាយកកសាង លើគ្រប់វិស័យទាំងអស់ ពិសេសវិស័យសាធារណ:ការនឹងជញ្ជូន ដូចជា ការសាងសង់ស្ពានជប៉ុនបានជាច្រើនកន្លែង ផ្លូវថ្នល់នៅតាមរាជធានី ខេត្ត ជាច្រើនពិសេសកសាង ផ្លូវជាតិលេខ៥ ពីភ្នំពេញមកបាត់ដំបង បន្ទាយមាជ័យ ក៏ជិតរួចហើយដែរ។

លោកជំទាវ បន្តថា ផ្លូវពីដើមយើងមានផ្លូវតែមួយ ជា២គន្លងទេ តែឥឡូវនេះ យើងមានផ្លូវពុះទ្រូង កណ្តាល មាន៤គន្លង ដោយ២ទៅ២មក ធំជាងមុន មានសុវត្តិភាពជាងមុន។ ក្នុងនោះយើងក៏មានផ្លូវល្បឿនលឿន ពីរាជធានីភ្នំពេញទៅខេត្តព្រះសីហនុ១ខ្សែល្អ ជិតកន្លះឆ្នាំនេះ ពុំទានមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទេ ដោយកំណត់ឲ្យអ្នកបើកលឿនធម្មតាខាង ស្តាំផ្លូវនិងអ្នកបើកល្បឿនលឿនត្រូវបើកជាប់ទ្រូងផ្លូវ មិនបំពានសិទ្ធផ្លូវគ្នាទេ ទើបធ្វើឲ្យមានសុវត្តិ ភាពល្អបានច្រើនជាងមុន។

លោកជំទាវ ក៏ថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ទាំងអស់នៅស្របផ្លូវជាតិលេខ៥ ដែលមានកិច្ច សហការ យកចិត្តទុកដាក់ជួយបង្កលក្ខណ:គ្រប់បែបយ៉ាងក្នុងការធ្វើផ្លូវថ្នល់រហូតមក។ ក្នុងឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងជំនាញ សូមថ្លែងអំណរគុណដល់ ប្រទេសជប៉ុន តែងបានជួយអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជាផងដែរ។

នាឱកាសនោះ គណ:អធិបតីបានផ្តល់ឲ្យក្រុមការងារជប៉ុន JICA ឡើងធ្វើបទបង្ហាញជូនអង្គសិក្ខា សាលាទៅតាមក្រុមអ្នកជំនាញរៀងៗខ្លួន។ លុះដល់ពេលរសៀលក្រុមការងារបានបន្តធ្វើពិធីដង្ហែរក្បួន ផ្សព្វផ្សាយពីសុវត្តិភាពចរាចរណ៍ផ្លូវគោក ពីចំណុចសណ្ឋាគារក្លាស៊ី ទៅដល់មុខសាលាខេត្តផងដែរ៕