(តូក្យូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រសួងការបរទេសជប៉ុន នៅថ្ងៃអង្គារនេះបានទទួលស្គាល់ថាលោកនាយក រដ្ឋមន្ត្រី ហ្វូមីអុ គីស៉ីដា (Fumio Kishida) នឹងត្រូវជួបជាមួយលោកប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កំឡុងការបំពេញទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងកៀវ នៅថ្ងៃអង្គារ នេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសជប៉ុនបានគូសបញ្ជាក់ឱ្យដឹងថា «លោក គីស៉ីដា នឹងផ្ដាំផ្ញើដោយផ្ទាល់ទៅកាន់លោក ហ្សេលេនស្គី ពីការគោរពដល់ ភាពក្លាហាន និងឆន្ទៈតស៊ូយ៉ាងមុះមុតរបស់ប្រជាជនអ៊ុយក្រែន ដែលបានក្រោកឈរឡើងដើម្បីការពារប្រទេស ជាតិរបស់ខ្លួន នៅក្រោមការដឹកនាំរបស់លោក ហ្សេលេនស្គី»។ បើតាមសេចក្ដីថ្លែងការណ៍ដដែល លោក គីស៉ីដា ក៏នឹងបង្ហាញផងដែរពីសាមគ្គីភាព និងការគាំទ្រឥតងាករេរបស់ជប៉ុន និងក្រុមប្រទេស G7 ចំពោះអ៊ុយក្រែន។
គួរបញ្ជាក់ថា ការទទួលស្គាល់របស់ក្រសួងការបរទេសជប៉ុន ធ្វើឡើងក្រោយទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី២១ ខែមីនានេះ មួយថ្ងៃបន្ទាប់ពីលោកបាន ជួបពិភាក្សា ការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងទីក្រុងញូវដេលី៕