សិង្ហបុរី និងក្រុងហុងកុង ព្យាយាមរម្ងាប់ស្ថានភាពចលាចលជុំវិញកិច្ចព្រមព្រៀងទិញធនាគារ Credit Suisse


 (សិង្ហបុរី)៖ អាជ្ញាធរហិរញ្ញវត្ថុក្នុងប្រទេសសិង្ហបុរី និងទីក្រុងហុងកុងបានផ្តល់ការធានាថា ធនាគារ Credit Suisse Group AG នឹងនៅតែបើកដំណើរការអាជីវកម្ម ហើយការដួលរលំរបស់ធនាគារនេះ នឹងមិនប៉ះពាល់ដល់ទីផ្សាររបស់ពួកគេទេ បន្ទាប់ពីធនាគារ UBS Group AG បានយល់ព្រមទិញ ធនាគារស្វីសដែលមានបញ្ហាមួយនេះនៅក្នុងកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញ ផ្សាយដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) កាលពីថ្ងៃច័ន្ទថា ក្រុមហ៊ុន Credit Suisse នឹងបន្ត ប្រតិបត្តិការនៅក្នុងប្រទេសសិង្ហបុរីដោយមិនមានការរំខាន ឬការរឹតបន្តឹងនោះទេ។ MAS បានបន្តថា អតិថិជននឹងបន្តមានសិទ្ធិចូលប្រើប្រាស់គណនីរបស់ពួកគេពេញលេញ ហើយកិច្ចសន្យារបស់ក្រុម ហ៊ុនជាមួយសមភាគីនានានឹងនៅតែជាធរមាន។

ភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍បន្ថែមថា នៅក្នុងសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះ កាលពីថ្ងៃចន្ទ អាជ្ញាធររូបិយវត្ថុរបស់ទីក្រុងហុងកុងបានឱ្យដឹងថា ប្រតិបត្តិការរបស់ធនាគារ Credit Suisse នៅក្នុងទីក្រុងមួយនេះនឹងនៅតែបើកដំណើរការដដែល។

ការធានាពីនិយ័តករនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីធំទាំងពីរនេះជួបលុបបំបាត់ភាពមិនច្បាស់លាស់ដែលអតិថិជន បុគ្គលិក និងអ្នកពាក់ព័ន្ធផ្សេងទៀតរបស់ធនាគារ Credit Suisse កំពុងប្រឈម បន្ទាប់ពីការប្រកាសភ្លាមៗអំពីការចូលកាន់កាប់ពីសំណាក់ធនាការ UBS ក្នុងគោលបំណងទប់ទល់ នឹងវិបត្តិទំនុកចិត្ត។

អាជ្ញាធរ MAS របស់សិង្ហបុរីបានសង្កត់ធ្ងន់ថា ការកាន់កាប់នេះមិនរំពឹងថានឹងប៉ះពាល់ដល់ស្ថិរភាព ប្រព័ន្ធធនាគាររបស់ប្រទេសសិង្ហបុរីនោះទេ ខណៈដែលអាជ្ញាធរ HKMA របស់ក្រុងហុងកុងបាន និយាយថា វិស័យធនាគារក្នុងស្រុកនិងផលប៉ះពាល់ទីផ្សារទៅនឹងធនាគារ Credit Suisse មិនមាន ខ្លាំងនោះទេ។

និយ័តកររបស់សិង្ហបុរីបាននិយាយថា ខ្លួននឹងរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសមភាគីស្វីស និង ដោះស្រាយផលប៉ះពាល់ណាមួយដែលកើតមានចំពោះបុគ្គលិក។ និយ័តករនេះបានបន្តថា ខ្លួន ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់សាច់ប្រាក់ងាយស្រួលដើម្បីធានាថា ប្រព័ន្ធហិរញ្ញវត្ថុរបស់រដ្ឋនៅតែ មានស្ថិរភាព។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕