(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយថាសហរដ្ឋអាមេរិកនឹងផ្ដល់ជំនួយយោធាថ្មីបន្ថែមមានទំហំទឹកប្រាក់ ៣៥០លានដុល្លារ សម្រាប់អ៊ុយក្រែនខណៈទីក្រុងកៀវកំពុងបង្កើនឃ្លាំងអាវុធរបស់ខ្លួនត្រៀមបើកប្រតិបត្តិការវាយបកប្រឆាំងនឹងទាហានរុស្ស៉ី និងចំថ្ងៃតែមួយដែលលោក ប្រធានាធិបតីចិន ស៊ី ជិនពីង ផ្ដើមធ្វើទស្សនកិច្ច នៅរុស្ស៉ី។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៉ីនតោន) លោក ប្ល៊ីខិនបានគូសបញ្ជាក់ដូច្នេះថា «កញ្ចប់ជំនួយយោធានេះក្នុងនោះរួមមានបញ្ចូល ទាំងគ្រាប់រំសេវ បន្ថែមសម្រាប់ប្រព័ន្ធមីស៊ីល HIMARS និងកាំភ្លើងធំ howitzers ផ្ដល់ដោយសហរដ្ឋអាមេរិក ដែល អ៊ុយក្រែនកំពុងប្រើប្រាស់ដើម្បីការពារខ្លួនឯង ក៏ដូចជាគ្រាប់រំសេវ សម្រាប់រថពាសដែកប្រយុទ្ធ Bradley ព្រមទាំងមីស៊ីល HARM អាវុធប្រឆាំងរថក្រោះ និងបរិក្ខារយោធាដទៃទៀត»៕