វិមានក្រឹមឡាំងលើកឡើងថា លោក ពូទីន នឹងបញ្ជាក់ជំហររុស្ស៉ីចំពោះអ៊ុយក្រែនយ៉ាងច្បាស់លាស់ ក្នុងកំឡុង ទស្សនកិច្ចរបស់លោក ស៊ី ជីនពីង


 (មូស្គូ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន នឹង «ពន្យល់លម្អិត» អំពីជំហររបស់រុស្ស៊ីចំពោះជម្លោះនៅអ៊ុយក្រែន ដល់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសរុស្ស៊ី ដែលចាប់ផ្តើម នៅថ្ងៃចន្ទ ទី២០ ខែមីនានេះ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងការហៅទូរសព្ទ ជាមួយអ្នក សារព័ត៌មានថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីបញ្ហានៅក្នុងផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ដែលស្នើឡើងដោយទីក្រុងប៉េកាំងកាលពីខែមុន។

លោក Peskov បាននិយាយថា «ក្នុងករណីណាក៏ដោយ នៅពេលដែល លោក ពូទីន និងលោក ស៊ី ជីនពីង ផ្លាស់ប្តូរទស្សនៈស្តីពីអ៊ុយក្រែន វាជៀសមិនរួចក្នុងពិភាក្សាលើប្រធានបទដែលបាន គ្រោង ទុកនេះ»

លោកបានសង្កត់ធ្ងន់ថា «ប៉ុន្តែនៅទីនេះ ពិតណាស់ ប្រធានាធិបតី ពូទីន នឹងផ្តល់ការពន្យល់យ៉ាង ទូលំទូលាយមួយ ដើម្បីឱ្យលោកប្រធានាធិបតី ស៊ី អាចយល់ពីស្ថានភាពបច្ចុប្បន្នដោយផ្ទាល់ពីភាគី រុស្ស៊ី»

ចិនបានបញ្ចេញផែនការសន្តិភាព ១២ចំណុចរបស់ខ្លួន ដោយអំពាវនាវឱ្យមានការសន្ទនារវាងភាគី ទាំងពីរ តែមិនបានរួមបញ្ចូលផែនទីបង្ហាញផ្លូវសម្រាប់របៀបបញ្ចប់សង្រ្គាមនោះទេ។ ដោយសារការបដិសេធរបស់ចិនក្នុងការថ្កោលទោសការលុកលុយរបស់រុស្ស៊ី អ៊ុយក្រែនបានស្វា គមន៍យ៉ាងប្រុងប្រយ័ត្ន ខណៈដែលសហរដ្ឋអាមេរិកបានច្រានចោល។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៉ី ជិនពីង បានធ្វើដំណើរ ទៅដល់ទីក្រុងមូស្គូនៃប្រទេសរុស្ស៉ីហើយ នាល្ងាចថ្ងៃចន្ទនេះ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ដែលមានរយៈពេលសរុប៣ថ្ងៃ៕