(ព្រុចសែល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ គឺ ក្រុមរដ្ឋមន្ត្រីសហភាពអឺរ៉ុប បានឈានដល់ការឯកភាពគ្នា លើផែនការមួយមានកញ្ចប់ ថវិកាជាង ២ពាន់លានអឺរ៉ូ ឬស្មើនឹង២.១៤ពាន់លានដុល្លារ ដើម្បីបំពេញស្ដុកអាវុធរបស់ខ្លួន ឡើង វិញ ក៏ដូចជារួមគ្នាទិញគ្រាប់កាំភ្លើងធំសម្រាប់ផ្គត់ផ្គង់ឱ្យអ៊ុយក្រែន។
ការឯកភាពគ្នាខាងលើរវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិនៃសហភាពអឺរ៉ុប ធ្វើឡើង កំឡុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងព្រុចសែល នៅថ្ងៃចន្ទសប្ដាហ៍នេះ។ ក្រុមរដ្ឋមន្ត្រីទាំងនេះបាន គាំទ្រដល់គំនិតផ្ដួចផ្ដើមផ្គត់ផ្គង់គ្រាប់កាំភ្លើងធំចំនួន ១លានគ្រាប់ឱ្យអ៊ុយក្រែន ក្នុងរយៈពេល១២ ខែខាងមុខ រួមទាំងការបំពេញស្ដុកអាវុធរបស់សហភាពអឺរ៉ុបឡើងវិញ។ ក្នុងនាមជាប្រធានដឹកនាំ កិច្ចប្រជុំនេះដែរ ប្រមុខគោលនយោបាយការបរទេសសហភាពអឺរ៉ុប លោក Josep Borrell បាន បង្ហាញការសាទរនូវអ្វីដែលលោកផ្ទាល់ចាត់ទុកថាជាការសម្រេចចិត្តមួយជាប្រវត្តិសាស្ត្រសម្រាប់ បណ្ដាប្រទេសទាំង២៧ ជាសមាជិកសហភាពអឺរ៉ុប និងប្រទេសន័រវែស។
គួរបញ្ជាក់ថា នៅចំពោះមុខដំណាក់កាលដ៏សំខាន់នៃសង្រ្គាម អ៊ុយក្រែនបានប្រាប់សហភាពអឺរ៉ុបថា ទាហានរបស់ខ្លួនត្រូវការប្រើគ្រាប់កាំភ្លើងធំ ៣៥០,០០០គ្រាប់ក្នុងមួយខែ ដើម្បីអាចវាយបកលើ ទាហានរុស្ស៉ី និងបើកប្រតិបត្តិការវាយលុកជាថ្មីនៅក្នុងឆ្នាំនេះ៕