នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា នឹងបំពេញទស្សនកិច្ចទៅកាន់អ៊ុយក្រែន នៅថ្ងៃអង្គារនេះ


 (តូក្យូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន​ជប៉ុន Kyodo នៅថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ អោយដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) នឹងបំពេញ ទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន នៅថ្ងៃអង្គារ ទី២១ ខែមីនានេះ មួយថ្ងៃបន្ទាប់ពីលោកបាន ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ក្នុងទីក្រុងញូវដេលី។

ទីភ្នាក់ងារសារព័ត៌មាន Kyodo ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីមន្ត្រីជប៉ុន ដែលខ្លួនទទួលបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ ប្រភពនេះដដែលបានឱ្យដឹង ទៀតថានៅក្នុង ប្រទេសអ៊ុយក្រែន លោក គីស៉ីដា ត្រូវបានរំពឹងថានឹងបង្ហាញពីការប្ដេជ្ញាចិត្តរបស់ជប៉ុន ដើម្បីគាំទ្រ អ៊ុយក្រែន នៅមុនកិច្ចប្រជុំកំពូល G7​ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា នៅខែ ឧសភាខាងមុខនេះ។ ក៏ប៉ុន្តែ ខាងរដ្ឋាភិបាលជប៉ុនមិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ខណៈបើ ជាការពិតមែន នោះវានឹងក្លាយជារឿងដ៏កម្រមួយ ដែលមេដឹកនាំជប៉ុនបំពេញទស្សនកិច្ចនៅក្រៅ ប្រទេសដោយមិនបានប្រកាសឱ្យដឹងជាមុន។

គួរបញ្ជាក់ថា ជប៉ុន ក្នុងឆ្នាំ២០២៣នេះ គឺជាប្រធាន G7 ហើយលោក គីស៉ីដា នឹងត្រូវធ្វើជាប្រធាន ដឹកនាំកិច្ចប្រជុំកំពូល G7 រយៈពេល៣ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១៩ ខែឧសភាក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា។  ប្រទេស G7 មានសមាជិកដូចជា កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក៕