(បាងកក)៖ យោងតាមកាសែតបាងកកប៉ុស្តិ៍ បញ្ជាក់ថា ប្រទេសថៃ និងសហភាពអឺរ៉ុបបានប្រកាស ជាផ្លូវការអំពីការចាប់ផ្តើមការចរចាឡើងវិញសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ដែលត្រូវ បានផ្អាកចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០១៤មក។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុបដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា ភាគីទាំងពីរមានបំណងសម្រេចបាន កិច្ចព្រមព្រៀងស្តីពី «កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីប្រកបដោយមហិច្ឆតា ទំនើប និងមានតុល្យភាព ដោយនិរន្តរភាពជាចំណុចស្នូលរបស់ខ្លួន»។
សេចក្តីថ្លែងការណ៍ដដែលបានឱ្យដឹងទៀតថាភាគីទាំងពីរមានគោលបំណងដោះស្រាយបញ្ហាជាច្រើនដូចជា ការចូលទៅកាន់ទីផ្សារទំនិញ សេវាកម្ម ការវិនិយោគ និងលទ្ធកម្មរបស់រដ្ឋាភិបាល នីតិវិធី អនាម័យនិងភូតគាមអនាម័យលឿនរហ័សនិងមានប្រសិទ្ធភាព ការការពារកម្មសិទ្ធិបញ្ញារួមទាំង ទំនិញសម្គាល់ភូមិសាស្រ្ត និងការដកចេញនូវឧបសគ្គពាណិជ្ជកម្មឌីជីថល និងពាណិជ្ជកម្មថាមពល និងវត្ថុធាតុដើម ដែលនឹងគាំទ្រដល់ការផ្លាស់ប្តូរឌីជីថល និងបៃតង។
សហភាពអឺរ៉ុបដែលមានសមាជិក ២៧ប្រទេសគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់ប្រទេសថៃ បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក និងជប៉ុន។
ការចរចា FTA នេះបានចាប់ផ្តើមដំបូងក្នុងឆ្នាំ២០២៣ ប៉ុន្តែត្រូវបានផ្អាកបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤នៅពេលដែលសហភាពអឺរ៉ុបបានតវ៉ាប្រឆាំងនឹងអ្វីដែលខ្លួនចាត់ទុកថាជាការព្យួរលទ្ធិប្រជាធិបតេយ្យ។ បន្ទាប់ពីរដ្ឋធម្មនុញ្ញថ្មីរបស់ថៃត្រូវបានអនុម័តនៅឆ្នាំ២០១៧ និងការបោះឆ្នោតដែលបាន ធ្វើឡើងនៅឆ្នាំ២០១៩ ទំនាក់ទំនងរបស់ភាគីទាំងពីរបានប្រសើរឡើង ដែលឈានដល់ការចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការកាលពីខែធ្នូឆ្នាំមុន។
នៅឆ្នាំ២០២២ ពាណិជ្ជកម្មរវាងប្រទេសថៃ និងសហភាពអឺរ៉ុបមានតម្លៃ ៤១ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង ៧%នៃពាណិជ្ជកម្មសរុបរបស់ប្រទេសថៃ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ការ គឺ នាំចេញរបស់ថៃទៅកាន់សហភាពអឺរ៉ុបមានចំនួនសរុប ២២,៧ពាន់លានដុល្លារកាលពីឆ្នាំមុន កើនឡើង ៥,២% ធៀបនឹងឆ្នាំ២០២១។ សហភាពអឺរ៉ុបគឺជាអ្នកវិនិយោគធំទីបីនៅក្នុងប្រទេសថៃ ដែលមានហែល ១០% នៃការវិនិយោគ ផ្ទាល់ពីបរទេសសរុប (FDI) នៅក្នុងប្រទេសថៃ។ ៕