កម្ពុជា-បង់ក្លាដែស ចាប់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ជាមួយគ្នាឡើងវិញ

 (ភ្នំពេញ)៖ លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទេស ចរណ៍រវាងកម្ពុជា និងបង់ក្លាដេសលើកទី១ (The 1st Meeting of Cambodia-Bangladesh Joint Working Group on Tourism Cooperation) តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងទេស ចរណ៍។

គួរបញ្ជាក់ថាកិច្ចប្រជុំនេះត្រូវបានរៀបចំឡើងផ្អែកតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ នៅវិមាន សន្តិភាព រាជធានីភ្នំពេញ រវាងរដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសទាំងពីរ ក្រោមធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីលោក អាប៊ូ តាហ៊ី មូហាមេដ ស្សាប៊ឺ (H.E Abu Tahir Muhammad Zaber) នាយកប្រតិបត្តិក្រុមប្រឹក្សាទេសចរណ៍បង់ក្លាដេស និងមន្ត្រីជំនាញតំណាងក្រសួងអាកាស ចរណ៍ស៊ីវិល និងទេសចរណ៍បង់ក្លាដេស មន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងទេសចរណ៍ កម្ពុជាប្រមាណជាង២៥នាក់។

ឯកឧត្តម ថោង រដ្ឋសក្តិ បានលើកឡើងពីសារៈសំខាន់ចាំបាច់ដើម្បីជំរុញ និងពង្រឹងទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ ព្រមទាំងបានវាយតម្លៃខ្ពស់លើលទ្ធផលដែលកើតចេញពីកិច្ច សហប្រតិបត្តិការកន្លងមកលើវិស័យទេសចរណ៍ ដែលបានចូលរួមចំណែកយ៉ាងពិតប្រាកដដល់ អភិវឌ្ឍន៍ ក៏ដូចជាកំណើនទេសចរណ៍នៅកម្ពុជា។

កិច្ចប្រជុំនេះបានពិភាក្សាផ្តោតលើចំនុចសំខាន់ៗចំនួន៦ ដូចជា៖
១. កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យទេសចរណ៍រវាងកម្ពុជា និងបង់ក្លាដេស និងទិសដៅ អនុវត្តបន្ត
២. ការផ្សព្វផ្សាយទិសដៅទេសចរណ៍រៀងប្រទេសទាំង២
៣. ការចែករំលែកបទពិសោធន៍អំពីការផ្សព្វផ្សាយ ទីផ្សារ ការអភិវឌ្ឍ និងគ្រប់គ្រងទិសដៅទេស ចរណ៍
៤. ការផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្តោតលើប្រតិបត្តិករទេសចរ អ្នកផ្សព្វផ្សាយ អ្នកផ្តួចផ្តើមគំនិត
៥. ជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធផ្នែកទេសចរណ៍
៦. ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរជាដើម។

ដើម្បីបន្តនិងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ទ្វេភាគីនេះ ភាគីទាំងពីរក៏បានពិចារណារលើ
១. ការបន្តអនុស្សរណៈនៃការយោគយល់គ្នាចំនួន៤ឆ្នាំបន្ទាប់
២. ការតភ្ជាប់ជើងហោះហើររវាងគ្នានឹងគ្នា
៣. ការបង្កើតកញ្ចប់ទស្សនកិច្ចរួមគ្នា
៤. ការផ្សព្វផ្សាយទិសដៅទេសចរណ៍រួមគ្នា ពិសេសទេសចរណ៍បែបសាសនា (ព្រះពុទ្ធសាសនា)
៥. ការផ្លាស់ប្តូរដំណើរទស្សនកិច្ចស្វែងយល់ FAM Trips នៃប្រតិបត្តិករទេសចរណ៍ និងអ្នកផ្សព្វ ផ្សាយ
៦. ការរៀបចំព្រឹត្តិការណ៍បង្ហាញផ្លូវទេសចរណ៍ (Roadshow)
៧. ការគាំទ្រគ្នាទៅវិញទៅមកក្នុងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍អន្តរជាតិដែលរៀបចំឡើងដោយប្រទេសនីមួយៗ៕