(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៧ ខែមីនា ឆ្នាំ២០២៣ បញ្ជាក់ថា កូរ៉េខាងជើង បាននិយាយថាមីស៊ីលមួយគ្រាប់ដែលខ្លួនបានធ្វើតេស្ដកាលពី ថ្ងៃព្រហស្បតិ៍ម្សិលមិញ គឺជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ឈ្មោះ វ៉ាងសុង-១៧ (Hwasong-17) ដែលត្រូវបានបាញ់សាកល្បងកំលុងការធ្វើសមយុទ្ធយោធាមួយ ដើម្បីព្រមានទៅ ដល់ការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសុក្រនេះបានបញ្ចេញរូបភាពជាច្រើនសន្លឹក បង្ហាញ ពីសកម្មភាពលោក គីម ជុងអ៊ុន និងកូនស្រីសំណព្វរបស់លោក ចុះពិនិត្យការបាញ់សាកល្បង មីស៊ីល ព្រមទាំងរូបភាពដែលត្រូវបានផ្ដិតដោយកាមេរ៉ាបំពាក់នៅលើមីស៊ីលផងដែរ។ KCNA បាន បញ្ជាក់បន្ថែមដូច្នេះថា «ការធ្វើតេស្ដអាវុធ យុទ្ធសាស្ត្រនេះគឺជាសារព្រមានទៅកាន់សត្រូវ ដែលមាន ចេតនាបង្កភាពតានតឹងនៅក្នុងតំបន់ឧបទ្វីបកូរ៉េ ជាមួយការបន្តធ្វើសកម្មភាពយោធាគ្មានទំនួល ខុសត្រូវ និងគំរាមកំហែង»៕