ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យទីតាំងបរិវេណ ដើម្បីត្រៀមរៀបចំកម្មវិធីបុណ្យកាត់ប្ញសសីមា ព្រះវិហារ វត្តព្រះបារមីវង្គដ្ឋបូរី កបិលភ័ស្តុ រយៈពេល៣យប់ និង៤ថ្ងៃ

 (ភ្នំពេញ)៖ ក្រោយពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិកន្លងផុតទៅ នៅវត្តព្រះបារមីវង្គដ្ឋបូរី កបិល ភ័ស្តុ ដែលមានទីតាំងក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នឹងមានកម្មវិធីបុណ្យដ៏ធំមួយ នោះគឺបុណ្យ កាត់ប្ញសសីមាព្រះវិហារ នៅក្នុងទីអារាមនេះ ដែលពិធីបុណ្យនេះ ធ្វើឡើងក្រោមគំនិតផ្ដួចផ្ដើម ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន។

ដើម្បីឲ្យដំណើរការនៃការរៀបចំពិធីបុណ្យដ៏ធំនេះ ដំណើរការទៅដោយរលូន នៅសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរដែនដី ចុះពិនិត្យមើលទីតាំង នៅក្នុងបរិវេណវត្តវត្តព្រះបារមីវង្គដ្ឋបូរី កបិលភ័ស្តុនេះ ដើម្បីត្រៀមរៀបចំឲ្យបានប្រសើរឡើង ដោយគិតគូរទាំងសណ្តាប់ធ្នាប់ របៀបរៀបរយ និងបរិស្ថាន ឲ្យបានល្អប្រសើរ ពេលកម្មវិធីបុណ្យចាប់ផ្តើម ដោយសារតែពិធីបុណ្យនេះ នឹងត្រូវធ្វើឡើងរយៈពេល ៣យប់និង៤ថ្ងៃ មានទាំងការរៀបចំសម្តែងសិល្បៈកំសាន្តផងដែរ។

បើទោះបីជាយ៉ាងណាក្តី ក្រុមការងារពាក់ព័ន្ធនឹងការងារនេះ បាននិងកំពុងចាប់ផ្ដើមដំណើរការ សំអាត លាបថ្នាំចេតិយ ក៏ដូចជាទីតាំងផ្សេងទៀត ជាបណ្តើរៗហើយ ទាំងទីតាំងធ្វើរោងសិល្បៈ ទីធ្លាចំណតយានយន្តជាដើម ពោលគឺពេលកម្មវិធីចាប់ផ្តើម អ្វីៗត្រូវបានត្រៀមរៀបចំរួចជាស្រេច៕