(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍ ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) បានដឹកនាំកិច្ចប្រជុំលើកទី ២ ដើម្បីពិនិត្យ និងពិភាក្សាផ្តល់អនុសាសន៍លើ «សេចក្តីព្រាងរបាយការណ៍ដំណាក់កាលទី ២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» ដើម្បីឈានទៅសេចក្តីព្រាង «ផែនការមេ»នេះ នៅពាក់កណ្តាលឆ្នាំ ២០២៣ តាមការគ្រោងទុក។
កិច្ចប្រជុំនេះ ធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដែលរៀបចំដោយវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (Urban Planning and Design Institute of Shenzhen) ហៅកាត់ថា UPDIS នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិក-សមាជិកា នៃគណៈកម្មាធិ ការសម្របសម្រួល អន្តរក្រសួងរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង ។
បន្ទាប់ពីទទួលបានគោលការណ៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យ ចុះកិច្ចសន្យាជាមួយវិទ្យាស្ថាន UPDIS នូវសេវាកម្មរៀបចំ «ផែនការមេ» ជាផ្លូវការ កាលពីថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០២១ ក្រុមការងារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារបច្ចេកទេស អន្តរក្រសួង បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស ជាបន្តបន្ទាប់ជាមួយវិទ្យាស្ថាន UPDIS និងភាគីពាក់ព័ន្ធ ដើម្បីរៀបចំ «ផែនការមេ» ដែលមានគោលដៅ ដើម្បីប្រែក្លាយខេត្ត ព្រះសីហនុជា «ប៉ូលនៃការអភិវឌ្ឍថ្មី ជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជា ទីក្រុងបៃតង ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើកនៅក្នុងតំបន់ អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភព លោក»។ សេចក្តីព្រាងរបាយការណ៍«ផែនការមេ» ដំណាក់កាលទី ១ បានដាក់ឆ្លងកិច្ចប្រជុំគណៈ កម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេ លើកទី ១ កាលពីថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២២ កន្លងមក ។ បន្ទាប់ពីកិច្ចប្រជុំ គ.ស.ផ លើកទី ១, ក្រុមការងារបានធ្វើការកែសម្រួល ដោយធ្វើការពិភាក្សា និងសិក្សាផ្ទៀងផ្ទាត់ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ លើចំណុចសំខាន់ៗ តាមការចង្អុលបង្ហាញរបស់អង្គប្រជុំ ហើយបានរៀបចំនូវសេចក្តីព្រាង«ផែនការមេ» ដំណាក់កាលទី ២ សម្រាប់កិច្ចប្រជុំ គ.ស.ផ. លើកទី ២ នាពេលនេះ ។
សេចក្តីព្រាងរបាយការណ៍ «ផែនការមេ» ដំណាក់កាលទី ២ រួមមាន៖ ១. ការអភិវឌ្ឍសេដ្ឋកិច្ច, ឧស្សាហកម្ម, និងការគ្រប់គ្រងដីឧស្សាហកម្ម, ២. ទីផ្សារកំលាំងពលកម្ម និងការបណ្តុះបណ្តាល វិជ្ជាជីវៈ, ៣. គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស, ៤. បរិក្ខារសាធារណៈ, ៥. មធ្យោបាយដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ៦. ទេសចរណ៍ និងជីវចម្រុះ, ៧. ការរស់នៅ និងសុខមាលភាព, ៨. ការ រចនាទីក្រុង, ៩. ការគ្រប់គ្រងការប្រើប្រាស់ដី, ១០. ការគ្រប់គ្រងខ្សែក្រវ៉ាត់បៃតង, ១១. ក្របខ័ណ្ឌ ស្ថាប័ន, និង ១២. របាយការណ៍ផែនការសកម្មភាព។
ជាមួយគ្នានេះ អង្គប្រជុំបានសើ្នឱ្យមានការយកចិត្តទុកដាក់ខ្ពស់ លើការរៀបចំក្របខណ្ឌស្ថាប័ន, យន្តការប្រើប្រាស់និងគ្រប់គ្រងដីធ្លី, ធនធានហិរញ្ញវត្ថុ, និងធនធានមនុស្ស ដែលជាកត្តាកំណត់ ភាពជោគជ័យ នៃការអនុវត្តផែនការមេ ដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានអង្គប្រជុំ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ ការចូលរួមគាំទ្រ និងផ្តល់កិច្ចសហការពីថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ពិសេស ក្រុមការ ងារវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញស៊ិនជិន (UPDIS) ដែលបានខិតខំរៀបចំសេចក្ដីព្រាង របាយការណ៍«ផែនការមេ» ដំណាក់កាលទី ២ នេះ និងបានណែនាំឱ្យក្រុមការងារ កែសម្រួលឯក សារនេះ ស្របតាមស្មារតីនៃកិច្ចប្រជុំ ដើម្បីធានាឱ្យមានភាពច្បាស់លាស់ គ្រប់ជ្រុងជ្រោយ អាច អនុវត្តបាន និងបញ្ចប់តាមការគ្រោងទុក៕