(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អញ្ជើញជាតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ២,៧០៨,៦០០,០០០រៀល របស់រាជរដ្ឋាភិបាលជូនដល់ម្ចាស់ជ័យលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេសឥណ្ឌូនេស៉ី។
ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ម្ចាស់ជយលាភីមេដាយ និងគ្រូបង្វឹក គ្រូជំនួយពីការចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, លោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត នៅទីស្តីការក្រសួងការពារជាតិ។
ជ័យលាភីជាម្ចាស់ម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ មានចំនួន២៩នាក់ ព្រមទាំងគ្រូបង្វឹក និងគ្រូជំនួយទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល។ តាមអនុក្រឹត្យរាជរដ្ឋាភិបាល មេដាយមាស១គ្រឿង (១វិញ្ញាសា) ទទួលបាន ៤០លានរៀល, មេដាយប្រាក់១គ្រឿងទទួលបាន ៣០លានរៀល និងមេដាយសំរឹទ្ធ១គ្រឿង ទទួលបាន ១៦លានរៀល។
សម្តេចពិជ័យសេនា ទៀ បាញ់ បានសូមអរគុណចំពោះលោក ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នាំមកនូវកិត្តិយសជូនជាតិមាតុភូមិនៃយើង។ លទ្ធផលទាំងនេះ ពិតជាបានបង្ហាញពីឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការជំរុញវិស័យកីឡាជនពិការកម្ពុជាឱ្យបានស្មើមុខ ស្មើមាត់ ទាំងក្នុងតំបន់ និងអន្តរជាតិ។
ឆ្លៀតក្នុងឱកាសនេះ សម្តេចពិជ័យសេនា ទៀ បាញ់ សូមអបអរសាទរ និងសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា សហព័ន្ធកីឡា គ្រូបង្វឹក កីឡាករ កីឡាការិនី បើទោះបីស្ថិតក្នុងកាលៈទេសៈការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេស តំបន់ និងពិភពលោកក្តី ប៉ុន្តែ កីឡាករ កីឡាការិនី នៅតែខិតខំប្រឹងប្រែងហ្វឹកហាត់ចូលរួមប្រកួតរហូតទទួលបានជ័យលាភីជាមោទនភាពសម្រាប់ប្រទេសកម្ពុជា។ ជោគជ័យនេះ បានបង្ហាញពីវិស័យកីឡាជនពិការនៅកម្ពុជាបាននឹងកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់មានវឌ្ឍនភាពល្អប្រសើរ ទាក់ទិននឹងគុណភាពកីឡាករ កីឡាការិនី។
នៅចំពោះមុខកីឡាករ កីឡាការិនី, សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យអប់រំ យុវជន និងកីឡា ជាពិសេសកីឡាជនពិការ រួមជាមួយនឹងការគាំទ្រដ៏ផុលផុសរបស់ប្រជាជនកម្ពុជាគ្រប់រូប នៅរាល់ព្រឹត្តិការណ៍ប្រកួតកន្លងមក បាននាំមកនូវបទពិសោធន៍ ចំណងមិត្តភាព ស្មារតីស្រឡាញ់ជាតិសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានាឱ្យកាន់តែសម្បូរបែប និងខ្លាំងក្លាឡើងថែមទៀត ជាពិសេសស័ក្តិសមនឹងពាក្យថា «កីឡាជាទូតមួយដ៏សំខាន់លើឆាកអន្តរជាតិ» «អរគុណសន្តិភាព កីឡារស់ក្នុងសន្តិភាព សន្តិភាពជាកូនសោរវឌ្ឍនភាពលើគ្រប់វិស័យ រួមទាំងការពារអាយុជីវិតរបស់យើង»៕