(វែលីងតោន)៖ រដ្ឋមន្រ្តីគ្រប់គ្រងភាពអាសន្ននៃប្រទេសនូវែលសេឡង់ លោក ខៀរ៉ាន ម៉ាអានុលធី (Kieran McAnulty) បាននិយាយនៅថ្ងៃចន្ទនេះថា នូវែលសេឡង់នឹងដកចេញវិញ នូវការប្រកាសអាសនថ្នាក់ជាតិ នាថ្ងៃអង្គារសប្តាហ៍នេះ ខណៈដែលប្រទេសដែនកោះប៉ាស៉ីហ្វិកមួយនេះ កំពុងបន្តងើបខ្លួនឡើងវិញពីការបំផ្លិចបំផ្លាញ ដែលបង្កឡើងដោយព្យុះស៉ីក្លូន ហ្កាលប៊្រីល (Gabrielle) កាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៣ ខែមីនា ឆ្នាំ២០២៣។
លោក ម៉ាខានុលធី បាននិយាយថា នៅពេលបញ្ចប់ការប្រកាសអាសន្នថ្នាក់ជាតិ តំបន់ទាំងឡាយដែលបានរងគ្រោះធ្ងន់ធ្ងរជាងគេ នឹងត្រូវប្តូរឱ្យទៅស្ថិតក្រោម ពេលវេលាអន្តរកាលមួយ ដែលនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលកណ្តាល អាចបន្តផ្តល់ការឧបត្ថម្ភគាំទ្រក៏ដូចជាធនធានផ្សេងៗ ទៅកាន់តំបន់ទាំងនោះ។ លោក ម៉ាខានុលធី បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ស្របពេលដែលយើងសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការស្តារបណ្តាញថាមពលនិងទូរគមនាគមន៍ និងក្នុងការធានាថា អ្នកដែលត្រូវគេរាយការណ៍បាត់ខ្លួន ត្រូវបានរកឃើញវិញទាំងអស់ហើយនោះ គឺនៅមានផលប៉ះពាល់ធំៗ ដែលកំពុងបន្តនៅឡើយ នៅតាមតំបន់ទាំងនេះ»៕