(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមីនា ឆ្នាំ២០២៣ អោយដឹថា អគ្គលេខាធិការអង្គការ NATO លោក ជែន ស្ដូលធិនបឺគ (Jens Stoltenberg) នៅថ្ងៃពុធសប្ដាហ៍នេះបានព្រមានថាទីក្រុងបាកមូត (Bakhmut) នៃតំបន់ភាគកើតនៃ ប្រទេសអ៊ុយក្រែន អាចនឹងធ្លាក់ចូលក្នុងកណ្ដាប់ដៃរុស្ស៉ី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីការវាយប្រយុទ្ធយ៉ាងសាហាវ អស់ពេលរាប់ខែមកនេះ។
ការកត់សម្គាល់ខាងលើរបស់លោក ស្ដូលធិនបឺគ កើតមានឡើង ខណៈក្រុមហ៊ុនទាហានស៊ីឈ្នួល រុស្ស៉ី Wagner ដែលកំពុងដឹកនាំប្រតិបត្តិការសឹកនៅក្នុងទីក្រុង បាមូត បានអះអាងថាទាហាន របស់ខ្លួន វាយដណ្ដើមកាន់កាប់បានផ្នែកខាងកើតទាំងមូលនៃទីក្រុងបាកមូត។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ប្រមុខ NATO រូបនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងមិនអាចបដិសេធ នោះទេ ពីលទ្ធភាពដែលទីក្រុងបាកមូត អាចនឹងដួលរលំនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ តែវាក៏មិន មែនមានន័យថា ជាការឆ្លុះបញ្ចំាងពីចំណុចរបត់ថ្មីមួយនៃសង្រ្គាមនោះដែរ»។
គួរបញ្ជាក់ថា បើតាមថៅកែក្រុមហ៊ុន Wagner កងទ័ពអ៊ុយក្រែនប្រហែលជា ១២,០០០ ដល់ ២០,០០០នាក់ កំពុងតស៊ូប្រយុទ្ធការពារទីក្រុងបាកមូត ខណៈមាន ការព្រមានថាបើទីក្រុងមួយ នេះធ្លាក់ចូលក្នុងដៃរុស្ស៉ីមែននោះវាអាចនឹងផ្ដល់ភាពងាយស្រួលដល់ទីក្រុងមូស្គូក្នុងការបើកប្រតិបត្តិការវាយលុកលើទីក្រុងដទៃទៀត ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដោយអ៊ុយក្រែន នៅក្នុង តំបន់ភាគខាងកើត៕