(ដូហា,កាតា)៖ លោកស្រី Tanja Fajon ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសស្លូវ៉ានី បានបង្ហាញបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យមួយចំនួនមានដូចជា វិស័យ ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ធនធានទឹក ការប្រែប្រួលអាកាសធាតុ សមភាពស្រ្តី និងវិស័យ ទេសចរណ៍ ដើម្បីផ្តល់នូវផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
លោកស្រី Tanja Fajon បានបង្ហាញបំណងនេះក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅមជ្ឍមណ្ឌលសន្និបាតជាតិកាតា (Qatar National Convention Centre) ក្នុងទីក្រុងដូហា កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។ ជំនួបនេះធ្វើឡើង ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាក់ព័ន្ធវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិនិយោគ ធនធាន ទឹក និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងសាធារណៈរដ្ឋស្លូវ៉ានី។
ក្នុងជំនួបនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបលោកស្រី Tanja Fajon អំពីសមិទ្ធិផលថ្មីៗដែលកម្ពុជាសម្រេចបានក្នុងនាមជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីឆ្នាំ២០២២ ដែលមានការចូលរួមពីថ្នាក់ដឹកនាំកំពូលធំៗជាច្រើនមកពីទូទាំងសកលលោក។
ឯកឧត្តម រដ្ឋមន្ត្រី ក៏បានជម្រាបលោកស្រី និងសហការីអំពីសមិទ្ធផលដែល កម្ពុជាសម្រេចបាននា ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមមាន៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េខាង (CKFTA)។ បន្ថែមពីលើនេះ កម្ពុជាកំពុងត្រៀមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) នាពេលខាងមុខដ៏ខ្លីផងដែរ។
ឯកឧត្តម ស្រីឧបនាយករដ្ឋមន្ត្រី បានសម្តែងសេចក្តីសោមន្សរីករាយដែលបានជួបសំណេះសំណាលការងារជាមួយលោករដ្ឋមន្ត្រី។ លោកស្រី បានលើកឡើងថា បន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតកូវិត-១៩ មានការថមថយ ប្រទេសនៅក្នុងសហភាពអ៊ឺរ៉ុបមួយចំនួនបាននឹងកំពុងផ្តោតការចាប់អារម្មណ៍មកកាន់តំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះប្រទេសស្លូវ៉ានី បានផ្តោតការចាប់អារម្មណ៍ និងការកោតសរសើរខ្លាំងចំពោះការអភិវឌ្ឍន៍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈសុខសន្តិភាព ស្ថេរភាពនយោ បាយ និងសមិទ្ធិផលសម្រេចបានធំៗជាច្រើន និងជាបន្តបន្ទាប់។
លោកស្រីឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានប្ដេជ្ញាចិត្តក្នុងការបន្តថែរក្សាស្ថិរភាពនយោបាយ វិបុលភាព និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ លោកស្រី ក៏បានបង្ហាញអំពីគោលបំណងក្នុងការបំពេញទស្សនកិច្ចផ្លូវការមកកាន់ប្រទេសកម្ពុជា និងបានគោរពអញ្ជើញឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសស្លូ វ៉ានីផងដែរ៕