(ភ្នំពេញ)៖ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៩ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីភាពបើកពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធឡើងនៅសួនច្បារ ស្ទឹងសែន ក្នុងខេត្តកំពង់ធំ។
ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត (Our River for Now and Next)»។
ពិធីបុណ្យទន្លេ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់ តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍បុណ្យទន្លេ ក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើតនិងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍តាមដងទន្លេជាដើម។
ប្រធានបទបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» គឺពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍ តំបន់ តាមដងទន្លេ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍ សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
ការរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តកំពង់ធំស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា មានព្រំប្រទល់ដ៏វែងជាប់បឹងទន្លេសាប មានតំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៧ ជាខេត្តជង្រុកស្រូវដ៏សំខាន់របស់កម្ពុជា ជាអតីតរាជធានីឦសានបុរៈសតវត្សរ៍ទី៧ នាសម័យចេនឡា និងមានរឿងរាវប្រវត្តិសាស្ត្របង្កប់ទុកជាច្រើន រួមជាមួយតំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រជាច្រើនទៀត។
ក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំនេះ ក៏មានការតាំងពិព័រណ៍សមិទ្ធផលមហោស្រពម្ហូបអាហារ និងភេសជ្ជៈ និងការតាំងពិព័រណ៍កសិទេសចរណ៍ ផលិតផលសហគ្រាសធុនតូចនិងមធ្យម ផលិត ផលខ្មែរ ផលិតផលកសិកម្ម និងផលិតផលរបស់សហគមន៍ សរុបចំនួន៣០០ស្តង់។
ការរៀបចំពិព័រណ៍នេះ គឺជាការរួមចំណែកមួយក្នុងការប្រើប្រាស់ឱ្យអស់លទ្ធភាព នៃវិស័យទេស ចរណ៍ដែលត្រូវបានចាត់ទុកជាការនាំចេញនៅនឹងកន្លែង ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្ម ពិសេសការបង្កើតឱកាសការងារសម្រាប់កសិករ សិប្បករ និងអ្នកផលិតតាមរយៈទីផ្សារទេស ចរណ៍។ ក្រៅពីនេះ ក៏មានការសម្តែងទស្សនីយភាពសិល្បៈចម្រុះបុរាណ-សម័យ ដែលមានការចូលរួមពីសិល្បករ-សិល្បការនីជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងមានសកម្មភាពកីឡាដែលរួមមាន៖ កីឡារត់ប្រណាំងកម្សាន្ត៣គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ កីឡាបាល់ទាត់ឆ្នេរខ្សាច់ កីឡាបាល់ទះឆ្នេរខ្សាច់ កីឡាប៉េតង់ ប្រដាល់គុនខ្មែរ កីឡាបាល់ទាត់លើតុ ដែលសកម្មភាពកីឡាទាំងនេះ នឹងបង្ហាញ អំពីការចូលរួមអបអរសាទរដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះលើកដំបូង។
ការណ៍ដែលរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេនេះឡើង គឺមានគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិរក្ស និងអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្ត្រពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិ ការណ៍ទេសចរណ៍ថ្មីៗសម្រាប់ខេត្តតាមដងទន្លេ។
សូមបញ្ជាក់ថា ពិធីបុណ្យទន្លេ ត្រូវបានប្រារព្ធឡើងចំនួន៦លើករួចមកហើយ គឺលើកទី១ ឆ្នាំ២០១៥ នៅខេត្តក្រចេះ, លើកទី២ ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម-ត្បូងឃ្មុំ, លើកទី៣ ឆ្នាំ២០១៧ នៅខេត្ត ស្ទឹងត្រែង, លើកទី៤ ឆ្នាំ២០១៨ នៅខេត្តកណ្ដាល, លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង និង លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង៕